លោកជំទាវអភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ចូលជួបសម្ដែងគួរសម និង​ជម្រាបលា ក្រោយពីបានបញ្ចប់អាណត្តិការងាររបស់ខ្លួន

(ប៉ៃលិន)៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា របស់ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង​ ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិការងាររបស់ខ្លួន។

នៅក្នុងជំនួបនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ឯកឧត្តមអគ្គកុងស៊ុល ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា ជាពិសេសក្នុងកិច្ចសហប្រតិបិត្តការល្អ ជាមួយរដ្ឋបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត ក៍បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការបម្រើផលប្រយោជន៍រួម នៃប្រទេសទាំងពីរ ក៏ដូចជាការចូលរួមចំណែក ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ជាការឆ្លើយតប ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលទទួលជួប និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងរយៈពេលកន្លងមក។ ឯកឧត្តម បានសម្ដែងនូវចំណាប់អារម្មណ៍ល្អៗ និងបទពិសោធន៍ជាច្រើន ដែលទទួលបានក្នុងអំឡុងពេលបម្រើការងារ នៅកម្ពុជា ជាពិសេសនៅខេត្តបាត់ដំបង ព្រមទាំងជាមួយខេត្តប៉ៃលិន។ ឯកឧត្តម ក៏បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងល្អនេះ នឹងបន្តរីកចម្រើនទៅមុខទៀត ទោះបីជាឯកឧត្តមបានបញ្ចប់អាណត្តិការងារ ក៏ដោយ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅ ដែលបានបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរមូលដ្ឋាន៕ អត្ថបទ ភ្នំខៀវ ប៉ៃលិន