បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ទទួលបានអំណោយពីក្រុមហ៊ុនពីរក្នុងប្រទេស

0

ខេត្តព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រសាទព្រះវិហារ ដែលកំពុងឈរជើងការពារនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទទួលបានការយកចិត្តទុកដាក់ និងអំណោយជាបរិក្ខាប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ៥លានរៀល ពីក្រុមហ៊ុនពីរក្នុងប្រទេស គឺ ក្រុមហ៊ុន សុខ ធារ៉ា និងក្រុមហ៊ុន ដាវី ស៊ីអេច អិចផតឯ.ក នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

អំណោយដែលទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ទទួលបានពីក្រុមហ៊ុនទាំងពីរខាងលើ រួមមាន៖ ធុងទឹកចំណុះ ១០០០លីត្រ ចំនួន១០ធុង ,ធុងទឹកចំណុះ ២០០លីត្រ ៤០ធុង ,ធុងប៉េត្រូ ៥០ធុង ,កានតូច ៣០០កាន ,អាល់កុល៧៥% ៥០កាន ,អង្ករ ២តោន ,មីជាតិ ២០០កេស ,ទឹកត្រី ៥០យួរ ,ទឹកស៊ីអ៊ីវ ៥០យួរ ,ទឹកបរិសុទ្ធ ៥០០កេស និងថវិកា ៥លានរៀល ផងដែរ ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ​បានសម្តែងការអរគុណ ចំពោះក្រុមហ៊ុនសុខ ធារ៉ា និងក្រុមហ៊ុន ដាវី ស៊ីអេច អិចផត ដែលបានជួយទំនុកបំរុង ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់ (ធុងទឹក) សម្រាប់រក្សាផ្គត់ផ្គង់ទឹក ជូនដល់កងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែន ងាយស្រួលក្នុងការប្រើប្រាស់ ក្នុងពេលបំពេញភារកិច្ច។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ការសាមគ្គីភាពរវាងក្រុមហ៊ុន និងសប្បុរសជនពីគ្រប់ទិសទី ជួយដល់កងទ័ពនៅពេលនេះ និងនៅពេលកន្លង បានបង្ហាញឱ្យឃើញ ពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងវិស័យឯកជន និងកងទ័ព ហើយក៏ជាការជំរុញការលើកទឹកចិត្ត និងការរួមចំណែក សម្រាលការលំបាករបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញកិច្ចលើកិច្ចការងារ ការពារបូរណភាពទឹកដីកម្ពុជា នៃយើងទាំងអស់គ្នា។

សូមជម្រាបថា នៅរសៀលថ្ងៃទី៣ មិថុនា ២០២៥ សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក លោក គុជ វីរ: ,លោកស្រី សំ លក្ខិណា និងបុត្រ បានឧបត្ថម្ភគឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន តាមរយ: លោក ស្រី ទៀប ចន្ទមុនី និងស្វាមី នាំយកមកផ្តល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងការពារខ្សែរត្រៀមជួរមុខ ព្រំដែនកម្ពុជា-ថៃ នៃទិសទី១ ប្រាសាទព្រះវិហារ ។

អំណោយទាំងនោះ រួមមាន៖ មី៥ ០កេស ,ទឹកបរិសុទ្ធ ៣០០យួរ ,ត្រីខ ៤កេសធំ ,ទឹកសុទ្ធកម្ពុជា ,ទឹកត្រី ២០យួរ ,ប្រហុក ៥០គីឡូក្រាម ,ប៊ីចេង៣០គីឡូក្រាម ,ខ្ទឹមស ៣០គីឡូក្រាម ,អំបិល ១០០គីឡូក្រាម ,ទឹកផ្លែឈើ ៧កេស និងថវិកា ១លានរៀល ។

មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៧  លោកឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត  ក្នុងនាមមេបញ្ជាការ នាយទាហាន និងពលទាហានទាំងអស់ បានសម្ដែងការសាទរ និងអរគុណ ចំពោះសប្បុរសជនខ្មែរនៅក្រៅប្រទេស ដែលតែងបានឧបត្ថម្ភ គាំទ្រ ទាំងស្មារតី សម្ភារបរិក្ខាប្រប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ដើម្បីទឹកចិត្តកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ៕ដោយ៖ឡុង សំបូរ