សៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីពិធីសូត្រមន្ត រាប់បាត្រ និង ប្រគេនចង្ហាន់ព្រះសង្ឃរួចមក ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកក្រុមហ៊ុន សហគ្រាស រួមទាំងនិសិ្សតមកពីសាកលវិទ្យាល័យក្នុងខេត្ត បានអញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៩ យាងចូល ៩០ព្រះវស្សា ។
នាឱកាសនេះដែរ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានឲ្យដឹងផងដែរថា ថ្ងៃនេះជាថ្ងៃដ៏ពិសេសមួយសម្រាប់យើងទាំងអស់គ្នា ចូលរួមក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ (ផ្តល់ឈាម ផ្តល់ក្តី សង្ឃឹម យើងរួមគ្នា សង្គ្រោះជីវិត) ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ឈាមមួយតំណក់ៗ ដែលយើងបានបរិច្ចាគពិតជាមានតម្លៃណាស់ ក្នុងការយកទៅជួយបន្ទាន់ និង ការព្យាបាលអ្នកជម្ងឺ ជាពិសេសក្នុងគ្រោះមហន្តរាយធម្មជាតិ ជម្ងឺរាតត្បាត និងឧបទ្ទវហេតុធ្ងន់ធ្ងរ ។ ការបរិច្ចាគឈាមគឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និង ងាយស្រួលបំផុត ។ ឯកឧត្តមបន្តទៀតថា ការបរិច្ចាគឈាមមិនត្រឹមតែ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើន។ហេតុនេះយើងរួមគ្នា បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ។ ឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនបានអញ្ជើញមកចូលរួមបរិច្ចាគឈាមនេះ ជាទង្វើដ៏ល្អប្រសើររបស់អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ផ្តល់អំណោយដ៏ថ្លៃថ្លាបំផុត ដោយមិនទាមទារអ្វីតបស្នងនោះឡើយ ។ ម៉្យាងទៀត ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៤ មិថុនានេះ បងប្អូនគ្រប់ ស្ថាប័ន និងប្រជាពលរដ្ឋ បានចូលរួមឧបត្ថម្ភធំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជម្រុញឲ្យមានការកើនឡើងនូវចលនាបរិច្ចាគឈាម ដើម្បីបំពេញសន្និធិឈាម ពោលគឺបំផុសបង្កើតឲ្យមានទំនួលខុសត្រូវសង្គម និងបង្កើតទម្លាប់នៃវប្បធម៌ ចែករំលែកពីយុវជនជំនាន់ក្រោយៗ ។
លោកវេជ្ជបណ្ឌិត លឹម ហេង អនុប្រធានមន្ទីរទេព្យបង្អែកខេត្ត សៀមរាប បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនត្រឹមតែ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើន គឺ- អាចជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាម – កាត់បន្ថយហានិភ័យនៃជម្ងឺមហារីកនានា- កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត- កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក- ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង និង កាត់បន្ថយការឡើងទម្ងន់ – ជម្រុញការបង្កើតគ្រាប់ឈាមថ្មី- ជាពិសេសយើងនឹងមានមោទនភាពថា បានរួមចំណែកជាមួយសង្គមជាតិ ក្នុងសកម្មភាពមនុស្សធម៌ ប្រកដោយសុឆន្ទៈ។ លោកបន្តទៀតថា ដើម្បីបង្កើននិងលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត យើងត្រូវផ្តោតលើការពង្រឹងការផ្សព្វផ្សាយ អំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជាពិសេសផ្តោតលើការផ្សព្វផ្សាយ និងចម្លងគំរូទទួលបានការលើកតម្កើង ៕