ទីក្រុងហ័ងសាន៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញដឹកនាំវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិនដោយមានការចូលរួមពីលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ជាវិនិយោគិនចិន និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង២០០នាក់។
សូមជម្រាបជូនថា វេទិកាខាងលើ មានការចូលរួមសហការរៀបចំដោយលោក ចាន់ រតនា ប្រធាន សមាគមលើកកម្ពស់អភិវឌ្ឍន៍កម្ពុជា-អាស៊ាន លោក លី ឆីងលុង អនុប្រធានសមាគម ប្រចាំ នៅប្រទេសចិន និងរដ្ឋបាលខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។ថ្លែងបើកវេទិកានេះ ឯកឧត្តមអភិបាលខេត្តបាន បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព ជា «មិត្តដែកថែប និងជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ ដែលជាលទ្ធផល នៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រ ចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិនខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ រួមទាំងខេត្តអានហ៊ួយ ដែលទើប តែបានចុះ ហត្ថ លេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥កន្លងមកនេះ។
វេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុនៅខេត្តអានហ៊ួយនាពេលនេះគឺមានគោលបំណងដើម្បីពង្រឹងនិងពង្រីក ការ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ព្រមទាំងស្វែងរក ដៃគូវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូននិងវិស័យ មួយចំនួន ទៀតដែលមានសក្តានុពល។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។
ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគនូវការផ្តល់សេវាឆាប់ រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានា សន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួល បានពត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។
បន្ថែមពីលើនេះឯកឧត្តម ក៏មានប្រសាសន៍លើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបញ្ជាក់ថាព័ត៌មានទាំងនោះគឺជាពត៌មានមិនពិតប្រាកដទេ ឯកឧត្តមធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរ។ព្រោះថាបេសកម្មរបស់រដ្ឋបាលខេត្តគឺ៖«សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ» ហើយ «ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយ របស់យើងខ្ញុំ»។ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរចម្លើយដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ៕នាគសមុទ្រ