អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨

0

ខេត្តកែប៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រារព្វពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងក្រោមការងារចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត យុវជន សិស្ស និស្សិតជាច្រើននាក់ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកែប។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ នាពេលនេះ។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត លើកឡើងថា ស្របពេលដែលកម្ពុជាកំពុងមានការខ្វះខាតកម្លាំងពលកម្មជំនាញក្នុងការបំពេញការងារនៅតាមមូលដ្ឋានរោងចក្រ អាជីវកម្មនានា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ទៅជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្សដែលគាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក ណុប សារឿន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានអោយដឹងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលរបស់លោកកំពុងបណ្តុះបណ្ដាលលើ៤កំរិត មានជំនាញចម្រុះជាច្រើន។ កន្លងទៅមជ្ឈមណ្ឌលនេះ ផ្តល់នូវជំនាញជូនក្រុមយុវជនគោលដៅបានចំនួន៩៣៣នាក់ ស្រី៥០៥នាក់ និងបានផ្តល់ប្រាក់ឧបត្ថម្ដដល់សិស្សដែលមានប័ណ្ឌក្រីក្រ និង ប័ណ្ណងាយរងហានិភ័យមានជាង ៦០០នាក់។ ក្នុងចំណោមយុវជនដែល មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានផលិតអត្រាមានការងារធ្វើរហូតដល់៧០% ។

យុវជនឈ្មោះ សៀន តាំ និងយុវជនដទៃទៀត ដែលទើបបញ្ជប់ការសិក្សាលើផ្នែកបរិក្ខាម៉ាស៊ីនត្រជាក់ បានអោយដឹងថា ក្រោយបញ្ចប់ការសិក្សាពួកគេ បានទៅធ្វើការនៅរាជធានីភ្នំពេញ តាមរយៈការរៀនសូត្រជំនាញនៅទីនេះរយៈពេល៣ខែ ដំណើរជីវិតរបស់ពួកខ្លូនបានផ្លាស់ប្តូរ អាចមានការងារមួយច្បាស់លាស់ ជួយខ្លួនឯងផង និងគ្រួសារផង។
យ៉ាងណាយុវជនរូបនេះ ណែនាំដល់យុវជនដែលមានស្ថានភាពស្រដៀងគ្នា កុំបន្តចំណាយពេលអត់ប្រយោជន៍ ងាកមកចូលរៀនសូត្រយកជំនាញមួយជាប់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ៕ សេង ណារិទ្ធ