ភ្នំពេញ៖ កម្មករបំរើការងារនៅតាមផ្ទះជាច្រើននាក់ នៅមិនទាន់ទទួលបានសេវាគាំពាសង្គមនៅឡើយទេ ដែលជាហេតុនាំធ្វើឱ្យពួកគេបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលមានដូចជា៖ ការថែទាំសុខភាព ហានិភ័យការងារ និងសោធននិវត្តន៍ជាដើម។
លោក វន់ ពៅ ប្រធានសមាគម IDEA មានប្រសាសន៍ថា “មកដល់ពេលនេះ កម្មករការងារតាមផ្ទះមិនទាន់ទទួលបានការចុះឈ្មោះពេញលេញ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីប្រព័ន្ធ និងរបបគាំពារសង្គម ដូចជាការថែទាំសុខភាព ហានិភ័យការងារ និងសោធននិវត្តន៍។ ជាមួយគ្នានេះ ការពង្រឹង និងកសាងសមត្ថភាពកម្មករការងារតាមផ្ទះនៅមានកម្រិតបំផុត ដោយហេតុថាកម្មករការងារតាមផ្ទះ គឺជាកម្មករដែលគេគិតថាមិនត្រូវការជំនាញ ដូចកម្មករដ៏ទៃ។
លោកបន្តថា កម្មករការងារតាមផ្ទះមានតម្លៃស្មើគ្នានឹងកម្មករដទៃទៀតដែរ ហើយដូច្នេះមានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីប្រព័ន្ធ និងសេវាគាំពារសង្គម សេរីភាពសមាគម ដែលធានាថាពួកគេក៏អាចទទួលបាននូវប្រយោជន៍ដូចគ្នានឹងកម្មករដ៏ទៃទៀតដែរនៅក្នុងប្រទេសកម្ពុជា ដោយមិនទុកពួកគេចោលឡើយ។
ជុំវិញរឿងនេះដែរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នាថ្ងៃ ១៥ ខែមិថុនានេះ ក្រសួងពាក់ព័ន្ធនិងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងអង្គការអុកស្វាម បានរួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”។
ទិវានេះត្រូវបានប្រារព្ធឡើង គឺដើម្បីបន្តផ្សព្វផ្សាយ និងរំលឹកពីការទទួលស្គាល់ជាសាកលថា កម្មករការងារតាមផ្ទះមានសិទ្ធិដូចគ្នានឹងកម្មករដទៃទៀតដែរ។
តាមរយៈវេទិការមួយនេះ គឺនឹងផ្តល់ឱកាសសម្រាប់កិច្ចសន្ទនារវាងស្ថាប័នពាក់ព័ន្ធ ជាមួយកម្មករការងារតាមផ្ទះផ្ទាល់ ដើម្បីចែករំលែកបញ្ហាប្រឈម ក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍នានាទាក់ទិននឹងគោលនយោបាយ ការអនុវត្តក្នុងវិស័យកិច្ចគាំពារសង្គម និងលើកជាសំណើរដាក់ជូនតួអង្គនានាដែលពាក់ព័ន្ធនឹងផ្នែកគោលនយោបាយ ដើម្បីពួកគាត់រិះរកវិធានការ និងដំណោះស្រាយសមស្របនាពេលបន្តបន្ទាប់។
បន្ថែមពីនេះ អង្គការអុកស្វាម និងដៃគូ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិស្តីពីសិទ្ធិកម្មករការងារតាមផ្ទះ ព្រមទាំងដាក់ចេញវិធានការសម
ស្របចាំបាច់នានាដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅក្នុងប្រទេស ដើម្បីធានាថារាជរដ្ឋាភិបាលកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពរបស់ខ្លួន ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។
បើយោងតាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ (ILO) វិស័យការងារតាមផ្ទះ គឺជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលគ្របដណ្តប់ចំនួនកម្មករជាបុរស និងស្រី្តចំនួនប្រមាណ ៧៥.៦ លាននាក់ នៅលើពិភពលោកដែលមានអាយុចាប់ពី ១៥ ឆ្នាំ ត្រូវបានជួលជាកម្មករការងារតាមផ្ទះ ក្នុងនោះមានកម្មករជាស្ត្រីចំនួន ៧៦.២% ក្នុងឆ្នាំ ២០១៩ កម្មករការងារតាមផ្ទះទាំងនេះរួមបញ្ចូលទាំងកម្មករដែលបានជួលដោយម្ចាស់ផ្ទះផ្ទាល់ និងបានជួលតាមរយៈអ្នកផ្តល់សេវា៕