ខេត្តកំពតះ អាជីវកម្មល្បែងកន្ទុយលេខក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ហាក់កំពុងពេញនិយម ថែមទាំងមានបើកលេងដុះស្លែរាប់ឆ្នាំមកហើយ ហើយក៏គ្មានការរំខានពីសំណាក់អាជ្ញាធរឬសមត្ថកិច្ចក្នុងតំបន់ឡើយ ទោះបីបច្ចុប្បន្ន ល្បែងកន្ទុយលេខស្ថិតក្នុងភូមិសាស្ត្រមួយចំនួនត្រូវប៉ូលិស
បង្ក្រាបស្ទើបាក់ស្បាតក៏ដោយ។បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងតំបន់ខាងលើបានបង្ហើបថា ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចមានមេសីុសងកន្ទុយលេខពី៦ទៅ៧នាក់ ហើយគេដឹងថា អ្នកបើកអាជីវកម្មល្បែងខាងលើជួលកូនកញ្ច្រែងឲ្យដើរកត់លេខប្រមូលលុយរាប់សិបនាក់ជារៀងរាល់ថ្ងៃដើម្បីយកទៅប្រគល់ឲ្យមេសីុសងដោយមិនខ្លាចរអានឹងសមត្ថកិច្ចឡើយ។គេបានរាយការណ៍ទៀតថា ថ្វីត្បិតសមត្ថកិច្ចបានរឹតបន្តឹងមិនអនុញ្ញាតិឲ្យមានការបង្កើតអាជីវកម្មល្បែងកន្ទុយលេខក៏ពិតមែន នៅតែមានគេលួចបើកលេងសីុសងដោយចំហ ហើយក៏មានមេកន្ទុយលេខមួយចំនួនអួតក្អេងក្អាងថា គ្មានអ្នកណាហ៊ានប៉ះពាល់ឡើយព្រោះគេមានខ្នងបង្អែកក្រាស់ឃ្មឹកដូចជាមេប្រមូលសីុសងកន្ទុយលេខ ឈ្មោះ គ្រូងួន លី នៅខាងលិចផ្សារកំពង់ត្រាចជាដើម។
ដោយឡែកអ្នកធ្វើអាជីវកម្មល្បែងកន្ទុយលេខមួយចំនួនទៀត ដូចជា ចែឌៀប លក់គ្រៀងសំណង់ ហ៊ាហ៊ លក់កាហ្វេ និងម៉ែបញ្ញា លក់ទូរស័ព្ទខាងលិចផ្សារកំពង់ត្រាច ក៏កំពុងបើកសីុសងយ៉ាងពេញទំហឹងផងដែរ ប៉ុន្តែគេមិនដឹងថា សមត្ថកិច្ចដែនដីដឹងឬធ្វើមិនដឹងនោះទេ។គេបានទំលាយទៀតថា ល្បែងសីុសងកន្ទុយលេខក្រៅពីមានគេលួចបើកលេងក្នុងទីប្រជុំជនស្រុកកំពង់ត្រាចនោះ ក៏មានមេសីុសងធំៗមួយចំនួនទៀត ដូចជានៅម្តុំផ្លូវបំបែកឃុំអង្គសុរភី ដែលមានមេឆ្នោតឈ្មោះពូ ប្រុស រង់ចាំប្រមូលកន្ទុយលេខសីុសងរាល់ថ្ងៃ ដោយមានកូនកញ្ច្រែងប្រមូលលុយប្រហែល៣០នាក់ផងដែរ ហើយគេដឹងថាមេឆ្នោតម្នាក់នេះក៏មានបណ្តាញដើរកត់កន្ទុយលេខក្នុងភូមិសាស្ត្រឃុំព្រែកក្រឹសទៀតផង។
ក្រៅពីនោះក៏មានមេប្រមូលកន្ទុយលេខសីុសងជាច្រើនកន្លែងទៀតដូចជា ភូមិសាស្ត្រឃុំឫស្សីស្រុកជាដើម។បើផ្អែកលើមហាជន ពិសេសប្រជាពលរដ្ឋដែលនិយមចូលចិត្តល្បែងកន្ទុយលេខ បានលើកឡើងថា ទោះបីគេបានលេចឮសមត្ថកិច្ចបានបង្ក្រាបមេឆ្នោតជាច្រើនករណីនៅតំបន់ខ្លះៗក្នុងខេត្តកំពតក៏ដោយ ក៏នៅតែមានគេលួចធ្វើអាជីវកម្មតែដដែលហ្នឹង! ហើយគេមិនដឹងថា ការបើកអាជីវកម្មល្បែងប្រភេទខាងលើ អាជ្ញាធរក៏ដូចជាសមត្ថកិច្ចដែនដីដឹងឬមិនដឹងនោះទេ ទើបបណ្តែតបណ្តោយឲ្យមានអាជីវកម្មកន្ទុយលេខកើតឡើងព្រោងព្រាតដូចគេបណ្តុះផ្សិតក្នុងរដូវប្រាំងបែបនេះ។
ទាក់ទិននឹងល្បែងកន្ទុយលេខខាងលើ កន្លងមក លោកអធិការនគរបាលស្រុកកំពង់ត្រាច លោក ប៊ុត សុខមនី ធ្លាប់បានប្រាប់អ្នកយកព័ត៌មានថា លោកមិនចង់ឲ្យមានល្បែងសីុសងកើតឡើងក្នុងអាណាចក្រដែលលោកគ្រប់គ្រងនោះទេ ហើយបើមានគេលួចបើកលេងមែនលោកនឹងចាត់កំលាំងដើម្បីសើុបអង្កេតរួចឈានទៅបង្ក្រាបតែម្តង៕