ដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាអាជ្ញាធរជាតិអប្សរា នៅតែបន្តសង្រ្គោះប្រាសាទបុរាណជាច្រើនក្នុងតំបន់អង្គរក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត

0

សៀមរាប: រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជារយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអ្នកជំនាញបរទេសបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើន ឱ្យផុតពីហានីភ័យក៏ដោយ ក៏រយៈពេល១០ឆ្នាំទៅមុខទៀត ទស្សនៈវិស័យនៃអាជ្ញាធរជាតិអប្សរានៅតែបន្តការ ងារជួយសង្គ្រោះប្រាសាទបុរាណបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈ កម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក)ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ខែមិថុនាថាការងារជួសជុល ថែទាំ និង អភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរខេត្តសៀមរាប គឺជាការងាររបស់ជាតិខ្មែរទាំងមូល។ លោកជំទាវ បញ្ជាក់ទៀតថាតម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ គឺជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅទូទាំងពិភពលោក។ «បើទោះបីជាក្នុងរយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរអប្សរាបានប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើនឱ្យរួចផុតពីហានីភ័យ រួចហើយក្តី ក៏នៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរានៅតែបន្តជួយ សង្គ្រោះប្រាសាទបុរាណជាច្រើនថែមទៀត» ។ ទស្សនៈវិស័យរបស់អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ក្រៅតែពីបន្តជួយសង្គ្រោះប្រាសាទបុរាណ ក៏នឹងប្រឹងប្រែងបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយជាច្រើន ឲ្យចេះជំនាញជួសជុលនិងថែរក្សាប្រាសាទបុរាណជំនួសអ្នកជំនាញបរទេសផងដែរ។
អ្នកជំនាញADHOC សម្រាប់ការអភិរក្សបេតិកភណ្ឌ លោក សាស្ត្រាចារ្យ Mounir Bouchenaki ថ្លែងថា ក្នុង រយៈពេល៣០ឆ្នាំមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ)ដែលមានជប៉ុននិងបារាំងជាសហប្រធាន ក្រៅតែពីបានជួយសង្គ្រោះប្រាសាទបុរាណជាច្រើននៅតំបន់អង្គរ ឲ្យរួចផុតពីគ្រោះថ្នាក់ និងលើកតម្លៃអង្គរឱ្យកាន់តែល្បីល្បាញ ក៏បានរួមគ្នាធ្វើធម្មនុញ្ញអង្គរដ៏វិសេសមួយ ដែលធ្វើឱ្យប្រទេសជាច្រើនបានយកគំរូតាម។បន្ថែមលើនេះ ក្រៅពីការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មីឱ្យមានជំនាញអភិរក្សបន្តវេន ក៏បានប្រមូលយកវត្ថុបុរាណនិងបដិមារពីបរទេស ឲ្យវិលត្រឡប់មកមាតុភូមិកំណើតជាបន្តបន្ទាប់ ធ្វើឲ្យកាន់តែមានភាពសំបូរបែបឡើងវិញ នៅក្នុងសារមន្ទីរនៃប្រទេស កម្ពុជាផងដែរ៕