កំពង់ឆ្នាំង៖ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៏និងវិចិត្តសិល្បៈខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៤ បានសំដែងការប្រតិកម្មយ៉ាងខ្លាំង ជុំវិញករណី គេហទំព័រ ក៏ដូចជាសារព័ត៌មានមួយចំនួនបានយករូបថតកូនស្រីគាត់ ដែលកំពុងរស់រានមានជីវិត និងកំពុងសិក្សា ទៅ
ចុះផ្សាយថាៈនាងបានលោតទឹកសម្លាប់ខ្លួនព្រោះរឿងចាញ់ល្បែង ដោយសំណូមពរអោយអ្នកផ្សាយទាំងនោះជួយផ្សាយបំភ្លឺឡើងវិញ។
សូមរំលឹកថាៈ នារីឈ្មោះ ហ៊ួន សុខធារី បានលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្សចាស់កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយសង្ស័យថាបានចាញ់ល្បែង ធ្វើអោយមានការភ្ញាក់ផ្អើលនៅក្នុងរាជធានីភ្នំពេញ ហើយអ្នកសារព័ត៌មានបានភាន់ច្រឡំយករូប កញ្ញា សុខ សុភាវត្តី កូនលោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងដែលនៅរស់ និងមិនពាក់ពន្ធ័ក្នុងរឿងនេះមកចុះផ្សាយលើទំព័ររបស់ខ្លួនខុសការពិត។
លោក សុខ ធួកបានបញ្ជាក់អោយដឹងថាៈ តាមពិតមាននារីឈ្មោះ ហ៊ួន សុធារី បានលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្សនោះមែន ប៉ុន្តែអ្នកសារព័ត៌មួយបានយករូបថតកូនស្រីគាត់ឈ្មោះ សុខ សុភាវតី អាយុ១៨ឆ្នាំ ដែលកំពុងរស់នៅជាមួយគាត់ក្នុងរាជធានីភ្នំពេញទៅដាក់ថាៈ ជារូបនារីដែលបានលោទទឹកសម្លាប់ខ្លួនទៅវិញ។លោកមានសេចក្តីតក់ស្លុតយ៉ាងខ្លាំង នៅពេលបានទទួលព័ត៌មានដ៏សែន រន្ឋត់នេះ។
“ខ្ញុំមានការតក់ស្លុតខ្លាំងណាស់ និងហួសចិត្តផងដែរ នៅពេលដែលឃើញរូបភាពកូនស្រីជាទីស្រឡាញ់របស់ខ្ញុំត្រូវបានគេបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេហទំព័រ និងសារព័ត៌មានមួយចំនួនថា នាងបានបង្ខំចិត្តលោតទឹកសម្លាប់ខ្លួនដោយសារតែករណីតូចចិត្តចាញ់ល្បែង” ។
លោកសុខ ធួក បាននិយាយថាៈ លោកមិនដឹងថានេះជាការភាន់ច្រឡំរបស់អ្នកសារព័ត៌មានឬបែបណានោះទេ តែលោកសង្ស័យថាៈគឺមានជនគំនិតអាក្រក់ មានចេតនាមិនល្អមកលើកូនស្រីរបស់គាត់ដោយអោយរូបថតកូនស្រីគាត់ទៅអ្នកសារព័ត៌មានយកទៅចុះផ្សាយ។
លោកថាៈ បើពិតដូច្នោះមែន លោ កនឹង ធ្វើការស្រាវជ្រាវរកមុខជននោះមកផ្តន្ទាទោសតាមច្បាប់។លោក សុខ ធួក ជាឪពុកបានអោយដឹងទៀតថា កូនស្រីគាត់ សុខ សុភាវត្តី គឺជាកូនស្រីច្បងក្នុងចំណោមកូន៣នាក់ ទើបនឹងប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ និងកំពុងបន្តកាសិក្សានៅថ្នាក់ឧត្តមសិក្សាមួយក្នុងរាជធានីភ្នំពេញ ដែលសព្វថ្ងៃនេះទាំងរូបលោក និងភរិយាមានសេចក្តីរីករាយសប្បាយចិត្តណាស់ ចំពោះការខិតខំប្រឹងប្រែងសិក្សារបស់កូនស្រី ទាំងចរិយាសម្បត្តិ ស្គាល់ខុស ស្គាល់ត្រូវ ស្តាប់តាមដំបូន្មានឪពុកម្តាយ។
លោក សុខ ធួក សំណូមពរដល់សារព័ត៌មានដែលបានយករូបថតកូនស្រីគាត់ដោយការភាន់ច្រឡំនោះមេត្តាចុះផ្សាយកែតម្រូវឡើងវិញ តាមវិជ្ជាជីវៈរបស់ខ្លួន ជូនក្រុមគ្រួសារលោកវិញផង។ លោកក៏សូមអោយសារព័ត៌ដែលបានចុះផ្សាយនោះជួយបកស្រាយពន្យល់ ថាតើការភាន់ច្រឡំនោះដោយរបៀបណាម្យ៉ាងទៀតបើអាចបាន លោកសូមអោយអ្នកសារព័ត៌មានជួយប្រាប់ពីប្រភពផ្តល់រូបថតកូនស្រីគាត់ផង៕