ខេត្តកំពត: ប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពតបានបញ្ជាក់ថា ប្រជាពលរដ្ឋមេគ្រួសារ ភាគច្រើបង្កបង្កើតផលស្រូវអ៊ីអ៊ែរ ដើម្បីលក់ទៅវៀតណាម ហើយ១ឆ្នាំធ្វើបាន២ទៅ៣ដង ខណៈដែលទិន្នផលស្រូវ
បាន៦តោនក្នុង១ហិកតា។ ពួកគាត់ថាការធ្វើស្រែបច្ចុប្បន្នមិនពិបាកទេ ពិបាកតែរឿងទីផ្សារមិននឹងន។ កសិករចង់ឲ្យបង្កើតជាសហគមន៍ដើម្បីទទួលបានទាំងបច្ចេកទេស និងទីផ្សារស្រូវល្អ។
កសិករធ្វើស្រែនៅភូមិព្រែឫស្សី ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស លោក នុត ហាន បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ថា ប្រជាពលរដ្ឋដែលជាមេគ្រួសារនៅស្រុកបន្ទាយមាស ភាគច្រើនប្រកបរបរធ្វើស្រែ ចំណែកក្មេងៗដែលជាកូនចៅជំនាន់ក្រោយ គេសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ធ្វើការងារជាមន្ត្រីរាជការ អ្នកខ្លះជាបុគ្គលិកក្រុមហ៊ុនផ្សេងៗ មានប្រាក់ខែសមរម្យ។ ដោយឡែករូបលោកឆ្នាំនេះបានធ្វើស្រែជាង៥ហិកតាសម្រាប់លក់ឲ្យវៀតណាម។
កសិកររូបនោះបានបន្តថា គាត់ធ្វើតែស្រែ តែអាចចិញ្ចឹមកូនឲ្យរៀនចប់ ហើយទទួលការងារជាមន្ត្រីរាជការបីបួននាក់ហើយ។ ហើយបើសិនស្រូវមានទីផ្សាល្អ នឹងន រូបគាត់ និងពលរដ្ឋស្រុកបន្ទាយមាស ក៏នឹងមានជីវភាពប្រសើរថែមទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ គាត់ចង់ចេះបច្ចេកទេសថ្មីៗ ដើម្បីបង្កបង្កើតស្រូវឲ្យបានផលកាន់តែច្រើន ខណៈដែលទិន្នផលរាល់ឆ្នាំ ក្នុង១ហិកតាបានប្រមាណ៦តោន។ 
ចំណែក កសិកររស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត លោក តេន សុខ បានបញ្ជាក់ដែរថា អ្នកធ្វើស្រែនៅស្រុកបន្ទាយមាស រាល់ថ្ងៃពិបាកតែរឿងតម្លៃទីផ្សារ គឺទីផ្សារស្រេចតែមាត់របស់ឈ្មួញកណ្តាល។ លោកថាបើអាចស្នើសុំឲ្យបង្កើតជាសហគមន៍ដើម្បីឲ្យពលរដ្ឋទទួលបានបច្ចេកទេសថ្មី និងមានតម្លៃទីផ្សារល្អ។
ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយមាស លោក គឹម វណ្ណី បានប្រាប់ឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ ស្រូវវស្សាអនុវត្តន៍បាន ២៨ ៧១០ ហិកតា ស្មើរ ៨៣,៦៧ % នៃផែនការដាំដុះ៣៤ ៣១៣ហិកតា។ ក្នុងនោះស្រូវស្រាលដើមរដូវ អនុវត្តន៍បាន ៧៣២០ ហិកតា, ស្រូវកណ្តាល អនុវត្តន៍បាន ១០ ២៤៣ ហិកតា ស្រូវធ្ងន់អនុវត្តន៍បាន ១១ ១៤៧ ហិកតា៕ សេង ណារិទ្ធ






































