សៀមរាប: រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ចំនួនអ្នក
ទេសចរមកកម្សាន្តនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជា មានការកើនឡើងបើទោះបីជាមានវិបត្តិនានាទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកក្តី។ ឯកឧត្តម លើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃលើការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា បើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់, សង្គ្រាមនិងវិបត្តិ នៅមជ្ឈិមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណា ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជាគេឃើញថា មានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះ បញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍របស់អាស៊ាន និយាយជារួម និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និយាយដោយឡែកទៅនឹងវិបត្តិខាងលើទាំងនេះ តាមរយៈ ការបន្តទទួលបាននូវកំណើនភ្ញៀវទេសចរជាវិជ្ជមានគួរកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញថា យោងរបាយការណ៍ស្ថិតិឆ្នាំ២០២៤ អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១២៣លាននាក់ កើន៣០.៦ភាគរយ ធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរ អន្តរជាតិ ៦,៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាន ៣៦ម៉ឺននាក់ កើនឡើង ៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ហើយភ្ញៀវទេសចរជាតិមានប្រមាណ ១៤លាន ៥៧ម៉ឺននាក់ កើនឡើង ៥០ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។
ឯកឧត្តម បន្តថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ កើតចេញមកពីមរតកដ៏មានតម្លៃមហិមា នៃសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម ដែលបានកើតឡើងក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ ឈ្នះ គឺជាការស្ថាបនាគ្រឹះដ៏រឹងមាំ គួបផ្សំនឹងការថែបំប៉ន បង្កើត និងបង្កើនសមិទ្ធផលថ្មីៗជាច្រើនទៀត ដោយរាជរដ្ឋាភិបាលនីតិកាលទី៧នេះ។ឯកឧត្តមបន្ថែមថា តាមរយៈការដាក់ចេញនូវអនុសាសន៍តម្រង់ទិសជាប់ជាប្រចាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈការខិតខំប្រឹងប្រែងអនុវត្ត ភារកិច្ចប្រកបដោយស្មារតីម្ចាស់ការ បុរេសកម្ម សកម្ម អន្តរសកម្មពីគ្រប់អ្នកពាក់ព័ន្ធ និងការចូលរួមពីបុគ្គលម្នាក់ៗ ក្រោមក្របខណ្ឌសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ ពិតជាបានចូលរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើនប្រកបដោយលទ្ធផលវិជ្ជមានគួរជាទីកត់សម្គាល់ ដោយឈរលើគោលការណ៍អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន៕






































