កំពង់ធំ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ សហការជាមួយមន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល (WDF) បានរៀបចំពិព័ណ៌ស្ដីពីអាហារសុខភាព នៅតាមសាលារៀនគោលដៅចំនួន១៣ក្នុងស្រុកសន្ទុក។
ក្នុងពិធីតាំងពិព័ណ៌អាហារនេះ លោកប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) បានលើកឡើងថាការដាក់តាំងពិព័ណ៌អាហារនេះ គឺនឹងធ្វើឡើងនៅ២០សាលារៀនគោលដៅ ក្នុងនោះនៅស្រុកសន្ទុកចំនួន១៣សាលារៀន និងស្រុកស្ទោងចំនួន០៧សាលារៀន ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងពីប្រភេទអាហារសុខភាព ដែលបានមកពីសហគមន៍ ការយល់ដឹងស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា ដោយជំរុញការយល់ដឹងបន្ថែមពីផលវិបាក និងការបង្ការជំងឺមិនឆ្លង ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព មានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ស្របតាមសេចក្ដីណែនាំលេខ១៨ របស់ក្រសួងអប់រំយុវជន និងកីឡា។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីតាំងពិព័ណ៌នេះ មានការ អញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាកសិករដង្ហែបន្លែ ផ្លែឈើប្រមាណ ៦០០នាក់ផងដែរ៕




































