មន្ត្រីជំនាញខេត្តកំពតបន្តអំពាវនាវដល់យុវជនមានជីវភាពខ្វះខាតឲ្យចូលរៀនវគ្គជំនាញវិជ្ជាជីវៈដើម្បីមានការងារធ្វើ

0

កំពត់៖ នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតបានបញ្ជាក់ថា សម្រាប់វគ្គសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្មវិធី ១លាន ៥សែន របស់រាជរដ្ឋាភិបាល គិតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលសិស្សសរុបជាង៨០០នាក់  ហើយក្នុងចំណោមសិស្សបានរៀនចប់៣៤៤នាក់ មានអត្រាសិស្សទទួលបានការងារធ្វើប្រមាណ៨៥%។ មន្ត្រីជំនាញបានបន្តអំពាវនាវដល់យុវជន និងពលរដ្ឋមានជីវភាពខ្វះខាតសូមមកចុះឈ្មោះចូលរៀនដើម្បីទទួលបានជំនាញ និងឱកាសការងារ ។

នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត លោកជ្រុន គឹមឡេង បានបញ្ជាក់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃកម្មវិធីបណ្តុះបណ្តាលយុវជន១លាន៥សែននាក់របស់រាជរដ្ឋាភិបាល មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងសញ្ញាបត្របច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារ និងបង្កើតមុខរបរដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការ មានគុណភាព លទ្ធភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបតាមតម្រូវការទីផ្សារ ប្រកដដោយចីវភាព ភាពធន់ បត្យាប័ន។ ក្នុងស្មារតីនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដោយមានការជំរុញលើកទឹកចិត្តពីឯកឧត្តមរដ្ឋន្ត្រី ពិសេសឯកឧត្តមអភិបាលខេត្ត វិទ្យាស្ថានបានបណ្តុះបណ្តាលសិស្សសម្រាប់ឆ្នាំ២០២៤ បានសិស្ស៥៤៥នាក់  ឆ្នាំ២០២៥បាន២៦៥នាក់ ហើយសិស្សរៀនចប់ ទទួលបានការងារធ្វើក្នុងអត្រាប្រមាណ៨៥%។ លោកបានអំពាវនាវឲ្យយុវជន និងពលរដ្ឋមានជីវភាពខ្វះខាត ឲ្យមកចុះឈ្មោះចូលរៀន ដើម្បីទទួលបានជំនាញ និងឱកាសការងារ។

សិស្សសិក្សាវគ្គជំនាញបញ្ចេកទេស ១.៥សែន បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសដល់ពួកគាត់ បានសិក្សាដោយឥតគិតថ្លៃ ដើម្បីមានជំនាញមួយច្បាស់លាស់ ងាយរកការងារល្អធ្វើក្រោយពេលរៀនចប់។ នាយករង វិទ្យាស្ថាន លោក នាក់ ណាន បានប្រាប់អំពីលក្ខខណ្ខនិងអត្ថប្រយោជន៍ផ្សេងៗនៃការរៀនវគ្គ១.៥លាននេះផងដែរ។

បើតាមមន្ត្រីជំនាញ ថាវិទ្យាស្ថានបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារផ្សព្វផ្សាយជំរុញដល់យុវជនដែលមានជីវភាពខ្វះខាត និងងាយរងរងគ្រោះ នៅតាមមូលដ្ឋានក្នុងខេត្តកំពត ឲ្យមកចុះឈ្មោះចូលរៀនវគ្គ១លាន៥សែន ពិសេសវិទ្យាស្ថានបានខិតខំបង្កើនទំនាក់ទំនងល្អជាមួយក្រុមហ៊ុន សហគ្រាស រោងចក្រនានា ដើម្បីស្វែងរកឱកាសការងារជូនដល់សិស្សដែលបានមករៀននៅវិទ្យាស្ថាន ៕ សេង ណារិទ្ធ