មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីប្រគេនទៀនព្រះវស្សា ប្រេងម៉ាស៊ូត បច្ច័យ និងទេយ្យទានដល់ព្រះសង្ឃ និងណែនាំប្រជានេសាទ ក្នុងរដូវហាមឃាត់ នៅវត្តពៅវើយ

0

(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកទានព្រះវស្សា ប្រេងម៉ាស៊ូត បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តពៅវើយ និងណែនាំប្រជានេសាទ ក្នុងការនេសាទត្រីនៅក្នុងរដូវហាមឃាត់ សម្រាប់ពេលវេលាត្រីពងកូន នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងតែមានការព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ និងសូមប្រគេនពរជូនដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងអាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងបានបញ្ជាក់ជូនអំពីជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អាយ ស៊ី ជេ ដើម្បីដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃនេះ។ ដោយឡែកនៅតំបន់ផ្សេងទៀតបន្តធ្វើការដោះស្រាយដោយសន្តិវិធីតាមអនុសារណៈយោគយល់គ្នានៃប្រទេសទាំងពីរនៅឆ្នាំ២០០០។ ជាមួយនោះដែរ ក៏សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ ក្នុងរដូវបិទនេសាទ ដើម្បីទុកពេលវេលាសម្រាប់ត្រីពងកូន ធ្វើឲ្យមច្ឆជាតិរបស់យើងបានសំបូឡើងវិញ សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា និងជៀសវាងការបំពានច្បាប់នាំឲ្យមានទោសទណ្ឌដល់ខ្លួន ។

នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បានប្រគេនទានព្រះវស្សាចំនួនមួយគូរ ប្រេងម៉ាស៊ូតចំនួន ១០០លីត្រ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទេយ្យទាន សាដក ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃសម្រាប់ចាត់ចែងប្រើប្រាស់តាមតម្រូវការក្នុងរយៈពេលគង់ចាំព្រះវស្សាដល់អស់ត្រីមាស។

ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ លោកតាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តពៅវ៉ើយ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕