ដោយសេង ណារិទ្ធ
ខេត្តកំពត៖ កសិកររស់នៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពតម្នាក់កំពុងសមប្រកបជាមួយរបរភ្ញាស់កូនត្រីលក់ ដោយក្នុងមួយឆ្នាំៗ កូនត្រីរាប់លានក្បាលត្រូវបានភ្ញាស់ចេញពីស្រះត្រីទាំង២០របស់គាត់ ដើម្បីផ្គត់ផ្គង់នៅក្នុងខេត្ត និងចែកចាយទៅតាមបណ្តាខេត្តមួយចំនួន។បើតាមការបញ្ជាក់លោកអាចបង្កើនការផលិតកូនត្រីបន្ថែមទៀត
បាន ប្រសិនបើមានតម្រូវការ ខណៈដែលកូនត្រីចាប់ពីកន្លែងលោក ធន់នឹងជំងឺ និងមានសន្ទុះរីកធំធាត់ល្អ។
កសិកររស់នៅឃុំត្រពាំងបី ស្រុកឈូក លោកចាន់ ឌី បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ថា លោកចេះរបៀបភ្ញាស់ត្រីពីអ្នកដន្លង ហើយក៏ចាប់ផ្តើមចិញ្ចឹមត្រីមេ ដើម្បីភ្ញាស់យកកូនលក់។ លោកភ្ញាស់កូនត្រីជាច្រើនប្រភេទ ប៉ុន្តែកូនត្រីអណ្តែងមានទីផ្សារល្អជាងគេ ឯការបង្កាត់ពូជត្រីនេះម្តងអាចភ្ញាស់បានកូនពី៥ទៅ១០ម៉ឺនកូន ខណៈដែលត្រីផ្សេងទៀត គាត់ចិញ្ចឹមមេដើម្បីអូសយកកូនតែម្តង។
កសិកររូបនោះបានបញ្ជាក់ថា ការចិញ្ចឹម ក៏ដូចជាភ្ញាស់កូនត្រី កត្តាទឹកស្អាតជារឿងសំខាន់បំផុត ដែលអាចធ្វើឲ្យកូនត្រីភ្ញាស់បានល្អ និងធំធាត់លឿន។ ហើយដើម្បីភ្ញាស់ឲ្យទាន់ ភ្ញៀវត្រូវធ្វើការបញ្ជាទិញ កន្លះខែ ឬ១ខែមុន។ ហើយបច្ចុប្បន្នលោកនៅតែអាចមានលទ្ធភាពបង្កើនការភ្ញាស់កូនត្រីបាន ប្រសិនបើមានតម្រូវការបន្ថែម។ តាមការបញ្ជាក់របរភ្ញាស់ត្រីអាចអាចធ្វើឲ្យុកសិកររូបនោះ រកចំណូលបាន២ទៅ៣លានក្នុងមួយខែ។
លោកចាន់ ឌី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ពិសេសមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែលបានជួយស្វែងរកទីផ្សារជូនលោក។ គាត់លើកទឹកចិត្តឲ្យបងប្អូនប្រជាកសិករប្រឹងប្រែងដាំ និងចិញ្ចឹម ហើយសូមកុំពឹងតែលើការនាំចូលបន្លែត្រីសាច់ពីក្រៅប្រទេស ចំណែកអ្នកទទួលទានសូមជួយគាំទ្រផលិតផលរបស់កសិករយើង ដើម្បីលើកទឹកចិត្តកសិករឲ្យបង្កើនការដាំ និងចិញ្ចឹមបានកាន់តែច្រើន ជួយលើកកម្ពស់សេដ្ឋកិច្ចកសិករឲ្យកាន់តែប្រសើរឡើង៕





































