រដ្ឋបាលខេត្ត​កែប​ រៀបចំពិធីអបអរសាទរ​  ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ខួបលើកទី១៨

0

ដោយសេង ណារិទ្ធ
ខេត្តកែប៖​ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប បានរៀបចំពិធី អបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៥ ខួបលើកទី១៨​ ដើម្បីរំឭកដល់គំរូវីរៈភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន យុទ្ធនារីក្នុងបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដី កសាងបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
ពិធីនេះធ្វើនៅសាលប្រជុំសេះសសាលាខេត្តកែប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបនឹងជាប្រធានកិត្តិយសគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកែប​ ព្រមទាំងមានការអញ្ចេីញចូលរួមពីសំណាក់​ លោក លោកស្រី អភិបាលរងខេត្ត លោក​ឧត្ដម​សេនីយ៍ ឧត្ដម​អគ្គានុរក្ស​ អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនអតីតយុទ្ធជនសរុបជាង​ ៣០០នាក់។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព​ និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ចគឺស្ថិតនៅក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលផងដែរ  ស្របពេលដែលខេត្តកែប កំពុងអភិវឌ្ឍរីកចម្រើនស្ទើតែគ្រប់វិស័យ ក្នុងនោះ  ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ការផ្តល់ប័ណ្ណថែទាំសុខភាព ប័ណ្ណមូលនិធិសមធម៌ សម្រាប់បងប្អូនអតីតយុទ្ធជន បងប្អូនអតីតមន្ត្រីរាជការស៊ីវិល ក៏ត្រូវបានយកចិត្តទុកដាក់ជាចម្បង។

ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជនក្នុងខេត្តកែប ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាន,  បន្តអនុវត្តឱ្យបានល្អក្នុងការផ្តល់សេវាគាំពារសុខភាព, បន្តយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជន យុទ្ធនារី ដែលជួបប្រទះទុក្ខលំបាក និងផ្សព្វផ្សាយអំពីលទ្ធផលនានាក្នុងវិស័យអតីតយុទ្ធជន ឱ្យបានផុលផុស។

យោងតាមរបាយការណ៍របស់​ លោកឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកែប បានអោយដឹងថា៖អតីតយុទ្ធជនកម្ពុជាដែលទទួលគោលនយោបាយរបបពីរដ្ឋក្នុងខេត្តកែបមានចំនួន ៣៥៧នាក់ ក្នុងនោះសមាជិកសមាគមចំនួន៣២៣នាក់ ដែលរួមមាន៖ ជនពិការ ៧២នាក់ និវត្តន៍ជន ១៧៣នាក់ ជនបាត់បង់សមត្ថភាព៩នាក់ គ្រួសារជនពលី ៤៩នាក់ និងគ្រួសារមរណៈ ២០នាក់៕