ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ទីតាំងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម អាចធ្វើអាជីវកម្ម(រៀបអាពាហ៍ពិពាហ៍) ដើម្បីផ្គត់ផ្គង់បងប្អូនអតីតយុទ្ធជន

0

កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងថា ទីតាំងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម សំណង់ ទីធ្លា និងបរិស្ថាន នៅកន្លែងនេះ សមរម្យបំផុត គឺអាចធ្វើអាជីវកម្ម(រៀប អាពាហ៍ពិពាហ៍) ដើម្បីឱ្យមានចំណូល សម្រាប់ផ្គត់ផ្គង់បងប្អូនអតីតយុទ្ធជនបាន ការថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារសមាគមអតីតយុទ្ធជនកម្ពុជា និងទិវាអតីតយុទ្ធជន ២១ មិថុនា លើកទី១៨ ខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា អគារសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ចាមនេះ​ គឺជាស្នាក់ការទី៨ហើយ ក្នុងចំណោម២៥ រាជធានី ខេត្ត ដែលមានទីស្នាក់ ការនេះ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺមិនមែនជាអគារទីស្នាក់ការទេ សំខាន់គឺ​ ទី១-ត្រូវមានយន្តការ ទី២-ត្រូវមានកម្លាំងប្រចាំការ ទី៣-ត្រូវមានការរក្សាទំនាក់ទំនងរវាងក្រុមការងារ ជាមួយបងប្អូន អតីតយុទ្ធជន និងនិវត្តជន ពោលគឺមានទីស្នាក់ការហើយ យើងត្រូវមានកម្លាំងប្រចាំបញ្ជា និងត្រូវ មានហតឡាញ រងចាំទទួលគ្រប់ព័ត៌មាន ដើម្បីដោះស្រាយបញ្ហា ការរស់នៅរបស់បងប្អូនអតីត យុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីត យុទ្ធជនកម្ពុជា បានថ្លែងថា បងប្អូនអតីតយុទ្ធជន គឺជាស្ថាបនិកដ៏សំខាន់ និងជាអ្នករួមប្រតិបត្តិករ ជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាំឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និង បានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនភាព ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងនេះ រាជរដ្ឋាភិបាល តែងតែគិតគូរអំពីជីវភាពរស់នៅ និងសុខទុក្ខរបស់វីរៈអតីតយុទ្ធជនយើងផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ចាម បានថ្លែងថា​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានផ្តល់អគារស្នាក់ការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្ត កំពង់ចាម ចំនួន ១ខ្នង ទំហំ ២៨ x២៣,៥ម៉ែត្រ គិតជាប្រាក់អស់ ១២ម៉ឺនដុល្លា ដោយបានសាងសង់ លើទំហំដី ៥០ x២៨ម៉ែត្រ ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ៕