ខេត្តឧត្តរមានជ័យ៖ ដោយគោរព និងអនុវត្តតាមបទបញ្ជារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រកបដោយប្រសិទ្ធភាពខ្ពស់នោះមក នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមមាន៖ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដោយមានការសម្រួលនិតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៩ទីតាំង ក្នុងនោះ ៦ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង និង ០៣ទីតាំងទៀត ស្ថិតនៅជប់គគីរ នៃស្រុកបន្ទាយអំពិល។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនបរទេស ១០៣នាក់ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្ត អំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ ការរស់នៅ និងការធ្វើការងារខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។
នៅក្នុងប្រតិបត្តិការនោះ គេក៏ដឹងថា មានគោលបំណង ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ដែលប្រព្រឹត្តដោយជនបរទេស សំដៅដល់ការចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក៏ជាទទួលខុសត្រូវ ក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យ លើឯកសារឆ្លងដែនជនបរទេស ការស្នាក់នៅ ឬធ្វើការងារនៅក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ហើយចំពោះជនបរទេសណា ដែលគ្មានឯកសារឆ្លងដែនត្រឹមត្រូវស្របច្បាប់ ឬកំពុងស្នាក់នៅខុសច្បាប់ រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងចាត់វិធានការបណ្ដេញចេញពីប្រទេសកម្ពុជា។
ដោយឡែក ចំពោះជនបរទេស ដែលរកឃើញប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន និងការរក្សា កាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចបន្តអនុវត្តនិតិវិធីតាមផ្លូវច្បាប់។ ហើយជាលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញទាំង ០៩ទីតាំងនោះ សមត្ថកិច្ចបានរកឃើញ ជនសង្ស័យជាជនជាតិចិន វៀតណាម ថៃ និងឡាវ ១០៣នាក់ ក្នុងនោះ ស្រី៤១នាក់ ដែលពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕ដោយ៖ឡុង សំបូរ





































