ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង ជម្រុញក្រុមការងារបន្តអនុវត្តផែនការសកម្មភាព និងក្ដាប់ឲ្យបានពីបញ្ហាប្រឈមរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន

0

សៀមរាប: នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគងប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បានជម្រុញដល់ក្រុមការងារទាំងអស់បន្ដកិច្ចសហការគ្នា ខិតខំប្រឹងប្រែងអនុវត្តនូវផែនការសកម្មភាពជាបន្តទៀតឲ្យបានកាន់តែល្អប្រសើរ ជាពិសេសក្រុមការងារត្រូវក្ដាប់ឲ្យបានពីបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងព្យាយាមធ្វើការដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
យោងទៅតាមរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង លោកជំទាវក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែរបានខិតខំប្រឹងប្រែង បំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួនរួមទាំងអនុវត្ដផែនការសកម្មភាពយ៉ាងសស្រាក់សស្រាំ ប្រកបដោយការយកចិត្ដទុកដាក់ និងទំនួលខុសត្រូវខ្ពស់។
នៅក្នុងឱកាសនេះដែរ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគងបានលើកឡើងពីសមិទ្ធិផលនានា ដែលរដ្ឋបាលស្រុកសម្រេចបាននាពេលកន្លងមកក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលក្នុងនោះរួមមាន ការចុះធ្វើវេទិកាសាធារណៈ ដោយក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ដអាណត្ដិទី៤បាន២លើក និងបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណត្ដិទី៤បានចំនួន៣លើក សរុបមានចំនួន៥លើកដែលមានអ្នកចូលរួមសរុប១៧៨៧នាក់ ស្រី៧៤១នាក់ដោយទទួលបាននូវសំណួរ សំណូមពរចំនួន៦៤ករណី ក្នុងនោះក្រុមការងារក៏បាននឹងកំពុងព្យាយាមដោះស្រាយបញ្ហាប្រឈម និងអនុវត្ដតាមសំណូមពរនានារបស់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ ។
លោកជំទាវ តឹករ៉េត កំរង បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង ក្នុងការជម្រុញលើកទឹកចិត្ត និងគាំទ្រដល់ឃុំ សម្រេចបានជាលទ្ធផលផ្លែផ្កា និងដាក់ទិសដៅអនុវត្តបន្តដោយផ្អែកលើភារកិច្ច និងការណែនាំរបស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមកម្មវិធីអាទិភាពគន្លឹះនានាដែលបានកំណត់ដោយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការកសាងថ្មី ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម ។ ទន្ទឹមនេះក្រុមការងារក៏បានចូលរួមក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ ទុក្ខកង្វល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់តាមរយៈកម្មវិធីវេទិកាសាធារណៈដោយការចុះជួបផ្ទាល់ ស្ដាប់ផ្ទាល់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកជំទាវ តឹករ៉េត កំរង បានជម្រុញដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌពោធិ៍សែនជ័យត្រូវបន្តយកចិត្តទុកដាក់ចូលរួមសហការសម្របសម្រួល ដោះស្រាយ ជម្រុញការអនុវត្តកិច្ចការនានា ដើម្បីអភិវឌ្ឍ និង គាំទ្រដល់ការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រ សំខាន់ៗរបស់រាជរដ្ឋាភិបាល សំដៅជួយលើកកម្ពស់ជីវភាព ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕