លោកព្រឹម រដ្ឋា បានលើកឡើងថា÷ “មន្ត្រីរាជការត្រូវបង្កើនសមត្ថភាព និងអនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានល្អជាប្រចាំ”

0

(កំពង់ធំ)÷ លោក ព្រឹម រដ្ឋា បានលើកឡើងថា “មន្ត្រីរាជការបង្កើនសមត្ថភាព និងអនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានល្អជាប្រចាំ” :លោកអភិបាលរងខេត្តកំពង់ធំ បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកស្ទោង កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។

លោកបានបន្ថែមថាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាភាពចាំបាច់មួយទៀតដែលជួយឱ្យមន្ត្រីរាជការ និងស្ថាប័នអង្គភាពនានាជាពិសេសរដ្ឋបាលស្រុកស្ទោង រួបរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតួនាទីភារកិច្ចជាមន្ត្រីរាជការ ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់នៅចំពោះមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ។

លើសពីនេះគឺត្រូវមានភាពស្មោះត្រង់ ម្ចាស់ការ គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងអនុវត្តប្រកបដោយតម្លាភាពហើយប្រាសចាក ចៀសឱ្យផុតពី ការកេងប្រវ័ញ្ចអំពើពុករលួយ ដែលនាំឱ្យអាប់អោនដល់បុគ្គលខ្លួនឯង អង្គភាពស្ថាប័ននិងរាជរដ្ឋាភិបាលហើយនាំឱ្យប្រឈម នឹងទោសទណ្ឌច្បាប់ប្រឆាំងអំពើពុករលួយជាធរមានផងដែរ ហើយត្រូវអនុវត្តរបៀបរបបឬឥរិយាបថការងារ ការលើកទឹកចិត្ត ការបែងចែកភាគលាភ គំរូរូបភាពនិងការស្រឡាញ់ចូលចិត្តមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ លោកស្រី ទត គឹមសុភារិន្ទ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការ អនុវត្តតួនាទីភារកិច្ចក្នុងនាមជាអភិបាលរង នៅចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរាជរដ្ឋាភិបាលទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងនិងជួយឱ្យអង្គភាពស្រុកស្ទោងឱ្យមានការរីកចម្រើនជាលំដាប់។

សូមបញ្ជាក់ថានៅក្នុងពិធីប្រកាសនេះគឺលោកស្រីទត គឹមសុភារិន្ទ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកស្ទោង ជំនួសលោកស្រី ហុង ឡាំងហ៊ាង ដែលត្រូវបានផ្លាស់ប្ដូរទៅកន្លែងថ្មីផងដែរ។