(ប៉ៃលិន)៖ ដើម្បីអបអរសាទរ ទិវាមច្ឆាជាតិ ១ កក្កដា ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីព្រលែងកូនត្រីចម្រុះ និងមេពូជចំនួនជាង ២០,០០០ ក្បាល នៅសំណង់បង្ហៀរទឹកថ្នល់បទ ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ។ ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានបំផុសស្មារតីចូលរួមតាមរយៈទិវាមច្ឆាជាតិ ១ កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ យកចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាន នូវនិរន្តរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានសង្កត់ធ្ងន់ ពីសារៈសំខាន់នៃធនធានជលផល ដែលជាប្រភពស្បៀងដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ និងជាផ្នែកមួយ មិនអាចខ្វះបាន នៃប្រព័ន្ធអេកូឡូស៊ី ,ការអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានជលផល គឺជាកាតព្វកិច្ចរួម របស់មនុស្សគ្រប់រូប ដើម្បីធានាបាននូវនិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យបន្តពង្រឹងការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ។ ត្រូវចុះពិនិត្យ និងល្បាត ឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ និងបង្រ្កាប ឲ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពនេសាទណា ដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ ឬនេសាទក្នុងរដូវបិទនេសាទ ។ លោកជំទាវបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា៖ អាជ្ញាធរនឹង មិនលើកលែង ឲ្យជនល្មើសណា ដែលប៉ុនប៉ងបំផ្លាញធនធានធម្មជាតិ និងផលប្រយោជន៍រួម របស់សង្គមឡើយ។ ជាចុងក្រោយ លោកស្រីអភិបាលខេត្ត បានសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តប៉ៃលិន ឲ្យចូលរួមសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងការការពារ និងអភិរក្សធនធានជលផល។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ក៍បានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ នូវរាល់ករណីបទល្មើសនេសាទខុសច្បាប់ ដែលពួកគេបានឃើញ ឬដឹងឮ ដើម្បីរួមចំណែក ដល់ការគ្រប់គ្រង និងប្រើប្រាស់ធនធានជលផល ប្រកបដោយនិរន្តរភាព។ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាគន្លឹះក្នុងការធានាបាននូវភាពសម្បូរបែប នៃធនធានជលផលរបស់យើង។
សូមបញ្ជាក់ថា៖ នៅក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៥ នេះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកន្ធរ ត្រីក្រាញ់ និងត្រីចម្រុះ ប្រមាណជាង ២០០០០ក្បាល ចូលទៅក្នុងនៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលត្រូវបានសាងសង់ឡើង ដោយក្រសួងធនធានទឹក និងឧតុនិយមក្នុងឆ្នាំ១៩៩៩ ផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន




































