បង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ ឃាត់ខ្លួនជនបរទេស ១៤៩នាក់ ដកហូតកុំព្យូទ័រ និងទូរស័ព្ទដៃ ១ពាន់ ៣០០គ្រឿង នៅខេត្តមណ្ឌលគិរី

0

ខេត្តមណ្ឌលគិរី៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ ឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ១៣សញ្ជាតិ មានចំនួន ១៤៩នាក់ ស្រី ៣១នាក់ ដកហូតកុំព្យូទ័រ និងទូរស័ព្ទដៃ ១ពាន់ ៣០០គ្រឿង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ (នៅតំបន់ស៊ី C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

យោងរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្ហាញឱ្យដឹងនៅថ្ងៃទី២២កក្កដា ថា មនុស្សដែលត្រូវឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាប (នៅតំបន់ស៊ី C)  កាលពីថ្ងៃទី២១កក្កដា២០២៥នោះ មានចំនួន ១៤៩នាក់ ដែលមាន ១៣សញ្ជាតិ រួមមាន៖   សញ្ជាតិចិន ១នាក់ ,សញ្ជាតិប៉ាគីស្ថាន ៣៦នាក់ ,សញ្ជាតិឥណ្ឌូនេស៊ី ២៧នាក់ ,សញ្ជាតិបង់ក្លាដេស ១៦នាក់ ,សញ្ជាតិវៀតណាម ៩នាក់ ,សញ្ជាតិឥណ្ឌា ៨នាក់ ,សញ្ជាតិថៃ ៣នាក់ ,សញ្ជាតិមីយ៉ាន់ម៉ា ៣នាក់ ,សញ្ជាតិកាមេរ៉ូន ៣នាក់ ,សញ្ជាតិនីហ្សេរីយ៉ា ២នាក់ ,សញ្ជាតិសេរ៉ាលីអូន ២នាក់ និងសញ្ជាតិយូហ្គាន់ដា ៤នាក់។

របាយការណ៍បង្ហាញឱ្យដឹងទៀតថា ក្នុងចំណោមនោះជនបរទេសទាំង ១៣សញ្ជាតិ ស្មើនឹង ១៤៩នាក់នោះ មានលិខិតឆ្លងដែន ៣៣នាក់ និងគ្មានលិខិតឆ្លងដែន ៨១នាក់។ ដោយឡែក ជនជាតិខ្មែរ ៣៥នាក់ ក្នុងនោះស្រី ១៤នាក់ គឺជាអ្នកបម្រើការងារជាអ្នកលក់ភេសជ្ជៈ សន្ដិសុខ អ្នកអនាម័យ និងអ្នកថែសួន។

ចំពោះវត្ថុតាងដែលត្រូវបានដកហូតមាន៖ កុំព្យូទ័រលើតុ ៥៤១គ្រឿង, ទូរស័ព្ទដៃ ៧៨៨គ្រឿង និងគ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំទៀតផងដែរ។ ក្រោយការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ និងការដកហូតឧបករណ៍សម្ភារៈ ជនបរទេសចម្រុះជាតិសាសន៍ទាំង ១៣សញ្ជាតិ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងសមត្ថកិច្ចជំនាញកំពុងបន្ដធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ