ព្រះគ្រូចៅអធិការ៥វត្តរួមគ្នាធ្វើពិធីបួងសួងសូមឲ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់របស់កម្ពុជាទាំងអស់ទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិនិងបូរណភាពដឹកដី គ្រប់កាលៈទេសៈ

0

សៀមរាប: ព្រះគ្រូចៅអធិការវត្តចំនួន៥វត្ត មានវត្តសុវណ្ណសាគរកោះខ្សាច់ វត្តអារញ្ញសាគរ វត្តព្រិន វត្តភ្នំខាងក្រោម និងវត្តភ្នំខាងលើ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទធ្វើពិធីបួងសួងរម្លឹកនឹកដល់ដួងព្រលឹងនៃបុព្វបុរសដូនតាខ្មែរគ្រប់ៗជំនាន់ មេត្តាជួយឃុំគ្រងថែរក្សាកងទ័ព និងកងកម្លាំងគ្រប់លំដាប់ថ្នាក់របស់កម្ពុជាទាំងអស់ សូមឱ្យបានសេចក្តីសុខ រួចចាកផុតទុក្ខភ័យ ទទួលបានជ័យជម្នះគ្រប់កាលៈទេសៈ និងទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិ និងបូរណភាពដឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។ ពិធីបួងសួងនោះដែរគឺប្រារព្ធធ្វើនៅលើប្រាសាទភ្នំក្រោម ក្រោមព្រះវត្តមាននិមន្តចូលរួមពីសំណាក់ ព្រះព្រះវិជ័យរង្សី ឡាច លាង ព្រះធម្មធរគណខេត្ត និងជាព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប និង ចៅសង្កាត់ចុងឃ្នៀសអញ្ជើញចូលរួមផងដែរ។ ព្រះគ្រូ ម៉ៃ ភីរុណ ព្រះចៅអិការវត្តសុវណ្ណសាគរ មានដែលជាអ្នកផ្តួចផ្តើមកម្មវិធីបានមានថរដីកាថា៖ការរៀបចំពិធីបួងសួងសុំឱ្យបារមីនៅថែរក្សាប្រាសាទភ្នំក្រោម និងទសបរមីថែរក្សាចក្រវាឡទាំងអស់ ជួយបីបាច់ថែរក្សាការពារថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសវីរកងទ័ពជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមសូមឱ្យបានជ័យជំនះលើពួកសត្រូវថៃឈ្លានពានគ្រប់វេលា។
ជាមួយគ្នានោះដែរព្រះគ្រូចៅអធិកាវត្តក៍បានមានថេរដីកាណែនាំដល់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋទាំងអស់ថា ក្នុងពេលកំពុងផ្ទុះអាវុធនាពេលនោះ គឺត្រូវរក្សាភាពស្ងប់ស្ងាត់ ស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងជឿទុកចិត្ត គាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដែលដឹកនាំដោយសម្តេចធិបតី និងសម្តេចតេជោ ហើយ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ផ្ដល់កម្លាំងចិត្ត និងជួយទំនុកបំរុងឱ្យអស់ពីលទ្ឋភាព នូវម្ហូបអាហារថ្នាំសង្កូវផ្សេងៗ ជូនដល់វីរកងទ័ពកម្ពុជានៅជួរមុខ ក្នុងបេសកកម្មការពារជាតិ ។

ពិធីទាំងមូល បានបានវាយគង ថ្វាយភ្លេង សូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវ ហើយយើងទាំងអស់គ្នាជាសមរភូមិក្រោយ សូមផ្តល់នូវកម្លាំងចិត្ត ជំនឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹងដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដី។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន ហើយកម្ពុជាប្រើសិទ្ឋិការពារខ្លួននៅចំណុចប្រាសាទតាមាន់ធំ៕