រយៈពេលពីរថ្ងៃ ប្រជាពលរដ្ឋជាង ៦ពាន់គ្រួសារ ត្រូវបានភៀសសឹកមកស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប

0

សៀមរាប: បើតាមមន្ត្រីសាលាខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ ៦ ៥២៣គ្រួសារ ស្មើនឹង ២៤ ៩៣៣នាក់ ត្រូវបានភៀសសឹកមកស្នាក់នៅតាមទីតាំងសុវត្ថិភាពនានាក្នុង

ភូមិសាស្ត្រខេត្តសៀមរាប ដែលរៀបចំឡើងដោយអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុងស្រុក ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ។

ស្របពេលជាមួយនឹងស្ថានការប្រទេសជាតិបែបនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដោយត្រូវត្រៀមនូវថ្នាំសង្កូវ ត្រៀមសង្គ្រោះបឋមគ្រប់ពេលវេលា។ ម្យ៉ាងទៀតត្រូវផ្គត់ផ្គង់អាហារ និងសម្ភារប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងការខ្វះខាតដោយប្រការណាមួយ ហើយប្រសិនជាមានការខ្វះខាតសូមរដ្ឋបាលក្រុងស្រុកស្នើទៅរដ្ឋបាលខេត្ត ដើម្បីផ្គត់ផ្គង់បន្ថែម។

ឯកឧត្តម អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប ដែលនេះបង្ហាញឱ្យឃើញពីស្មារតីរួមគ្នា បង្កើតការសាមគ្គីជាប្រជាជាតិខ្មែររួមតែមួយ ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាសង្គ្រាមដោយការឈ្លានពានរបស់ថៃ ។

ក្នុងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលដែលជួបនូវការលំបាក គ្រោះអាសន្ន តែងតែធ្វើការចែករំលែកនូវគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ជាដើម ។ ជាក់ស្តែងក្នុងពេលដែលប្រជាពលរដ្ឋរងគ្រោះ ដោយការឈានពានរបស់ចោរសៀម នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ បានភៀសខ្លួនមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប តាមទីវត្តអារាម សាលារៀន ត្រូវបានបងប្អូនសប្បុរសជន ក្នុងខេត្តសៀមរាប នាំយកមកចែកជូនបងប្អូន ដែលបានកំពុងខ្វះខាត ៕