ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយសប្បុរសធម៌របស់សម្តេចធិបតី ជូនជនភៀសសឹកពីតំបន់ពួកសៀមឈ្លានពាន ដែលកំពុងស្នាក់នៅក្នុងស្រុកចំនួនក្រឡាញ់ ស្រីស្នំ និងអង្គរជុំ

0

សៀមរាប: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២.៤០០គ្រួសារ ដែលកំពុងភៀស

សឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរុំសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ស្រីស្នំ និងអង្គរជុំ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិតបានសំណេះសំណាល និងបានផ្តល់ស្បៀង អារហារ និង របស់របរប្រើប្រាសចាំបាច់ជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង២.៤០០គ្រួសារនូវថ្នាំពេទ្យ តង់ ,មុង ,កន្ទេល, អង្រឹង, ក្រម៉ា, ភួយ, ខ្នើយ, សាប៊ូ ,ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រីប្រាហើម សៀងផ្អែមជាដើមដើម្បីផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបរិភោគដែលអាចដោះស្រាយការលំបាកនៅចំពោះមុខមួយគ្រានេះ។ លោកជំទាវបានមានប្រសាសន៍ថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។ ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ពីសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកដោយសារការឈ្លានពានពីសំណាកប្រទេសថៃ។ លោក ជំទាវបន្តថា ទាំងហ្លួងយាយ ទាំងសម្តេចតេជោ ទាំងសម្តេចកិត្តិបណ្ឌិត និងសម្តេចធិបតី លោកតែងតែចាត់ទុកការលំបាករបស់បងប្អូនទោះបីនៅទីកន្លែងណាពេលណាក៏ដោយ គឺជាទុក្ខលំបាករបស់លោកផ្ទាល់ដែរ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា នៅក្នុងគ្រាដ៏លំបាកនេះ ក៏បានបញ្ជាក់ពីស្មារតីរួមគ្នា យកចិត្តទុក្ខដាក់ជួយគ្នាទៅវិញទីមក ចែករំលែកទៅវិញទៅមកទាំងសម្ភារៈនិងស្មារតី ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ ដោយមិនទៅណាចោលនិងនៅជាមួយប្រជាជនជានិច្ច។ លោកជំទាវក៏លើកទឹកចិត្តនិងអរគុណដល់គ្រួសារដែលមានកូនមានប្តីជាកងទ័ពកំពុងបំពេញភារកិច្ចឈរជើងនៅតាមក្រវ៉ាត់ព្រំដែន ដែលលះបង់សាច់ស្រស់ឈាមស្រស់ និងស្មារតីមោះមុតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាកេរដូនតាយើងបានការពារទុកឱ្យដល់សព្វថ្ងៃកុំឱ្យសត្រូវឈ្លានពានដណ្តើមបាន ។ ជំទាវមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបមានកាតព្វកិច្ចនិងមានសិទ្ឋិការពារបូរណភាពទឹកដីទាំងអស់គ្នា ហើយកម្ពុជាគ្រាន់តែចង់រក្សាការពារនូវអ្វីដែលជាកេរដូនតាខ្មែរដែលនៅសល់បច្ចុប្បន្នឲ្យស្ថិតស្ថេរគង់វង្សមិនចង់បានរបស់អ្នកណាទេ។ ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំបញ្ចៀសមិនឱ្យមានកើតមានសង្គ្រាមកើតឡើងឡើយ ប៉ុន្តែដោយមានការឈ្លានពានពីអ្នកជិតខាងគឺបង្ខំកម្ពុជាប្រើសិទ្ឋិតបតដើម្បីការពារទឹកដីពីការឈ្លានពាននោះ ។ តាម របាយការណ៍របស់ រដ្ឋបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៨ខែកក្កដា មានប្រជាជនភៀសសឹកជម្លៀសមកខេត្តសៀមរាប ចំនួន១៥.៤០៧គ្រួសារស្នាក់នៅតាមទីតាំងសុវត្ថិភាពចំនួន១៣៨ទីតាំងទាំង១៣ក្រុងស្រុក។ក្នុងនោះទីតាំងមួយចំនួនពុំមានសម្ភារៈគ្រប់គ្រាន់ ទីតាំខ្លះខ្វះខាតបន្ទប់ទឹក សេវាទឹកស្អាត អគ្គិសនី ខ្វះមុងភួយ ខ្វះសម្ភារៈផ្ទះបាយ ខ្វះថ្នាំមូស សម្រាប់ការពារមូសនិងសត្វអសិរពិស ខាង់បង់ពេលវេលាសិក្សា កុមារដែលជម្លៀសមកពុំទាន់បានចូលរៀន ៕