សៀមរាប: នៅក្នុងពីធីចុះសួរសុខទុក្ខនិងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយព្រះមន្រ្តីសង្ឃខេត្តសៀមរាប
និងមានអំណោយរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា.ថៃ ចំនួនប្រមាណជាង១,២០០គ្រួសារ ដែលកំពុងស្នាក់នៅដោយសុវត្ថិភាពក្នុងស្រុកវ៉ារិនខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា យើងអត់ចង់ឃើញសង្គ្រាមនោះទេព្រោះសង្រ្គាមធ្វើឲ្យយើងទទួលរងទុក្ខលំបាក វេទនា បែកបាក់គ្រួសារ ឃ្លៀតឆ្ងាយនិងបាត់បង់ប្តីជាទីស្រលាញ់ទៀតផងហើយ ពាក្យថាសង្រ្គាមនេះ វាបន្សល់ទុកនូវវិនាសកម្មច្រើនណាស់ ធ្វើឱ្យយើងទទួលរងទុក្ខលំបាក វេទនា អន្តរាយ ឈឺចាប់ ខ្លោចផ្សាណាស់ សោកសៅ ទ្រហោយំ ព្រាត់ប្រាស់ និរាសចាក អ្វីៗគ្រប់យ៉ាងទាំងអស់ មិនថាប្រទេស តូចឬធំ មានឬ ក្រ នោះទេ ។
លោកជំទាវ ទាង អេង បានបន្តថា លោកជំទាវមិនអាចពិពណ៌នាទាំងអស់បានទេ បើបងបងប្អូនមានអារម្មណ៍យ៉ាងម៉េចលោកជំទាវក៍មានអារម្មណ៍ដូចគ្នាព្រោះស្វាមីរបស់លោកជំទាវក៍ជាទាហ៊ានដែលបានព្យាយាមការពារជាតិ ជា មួយថ្នាក់ដឹកនាំដើម្បីស្វែងរកសុខសន្តិភាពជូនបងប្អូនទាំអស់គ្នាផងដែរ ។ លោកជំទាវ ទាង អេង ទៀសីហា ក៍បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យស្រឡាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាពនេះជាសេចក្តីសុខរបស់យើងទាំងអស់គ្នា សូម កុំឲ្យមានសង្រ្គាមទើប នាំគ្នាបួងសួងសុំសន្តិភាព បើមានសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់វិស័យទាំងអស់ឲ្យរីកចម្រើន ដូចជាក់ស្តែងនេះយើង ត្រូវប្រទេសថៃ ឈ្លានពាន រំលោភបំពាន ប្រមាទមើលងាយថា ប្រទេសយើង ក្រឬ អន់ក៏ដោយ ក៏មេដឹងនាំយើងនៅតែអត់ធ្មត់ ទប់កាយ ទប់ចិត្ត ប្រុងកងទ័ពយ៉ាងរឹងមាំ ប្រើបញ្ញា ស្មារតី ចរចា ការទូត ដ៏ឈ្លាសវៃដើម្បីដោះស្រាយបញ្ហា ដោយសន្តិវិធី ។ហើយមានកម្លាំងសាមគ្គីរួមសុខរួមទុក្ខ និងទទួលខុសត្រូវ ជាមួយប្រជាពលរដ្ឋយ៉ាងកក់ក្តៅជាទីបំផុត។
ក្នុងឱកាសនោះដែរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា បានមានថេរដីកាថា សង្គ្រាមឈ្លានពានទឹកដីរបស់ថៃ គឺបានបង្កបញ្ហាដ៏ធ្ងន់ធ្ងរដល់ប្រជាជនខ្មែរស្លូតត្រង់ហើយបាននាំឲ្យកើតមានការបែកបាក់ក្រុមគ្រួសារ និង អាយុជីវិតមនុស្ស ព្រមទាំងបំផ្លាញអនាគតរបស់ប្រជាជនក្នុងនោះការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងបងប្អូន គឺជារឿងដ៏សែនឈឺចិត្តបំផុតសម្រាប់គ្រួសារ និងសង្គមទាំងមូល។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាលើកឡើងថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ហើយវាធ្វើឱ្យបែកបាក់គ្រួសារ បាត់បង់បងប្អូន ញាតិសន្តាន ហើយវិស័យគ្រប់យ៉ាងគឺត្រូវបាត់បង់ទាំងអស់ ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ ។ សម្ដេចព្រះព្រហ្មរតនមុនី ក៍បានមានថេរដីកាសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។សូមអោយប្រទេសកម្ពុជាយើងមានសុខសន្តិភាពដូចមុនសូមអោយកងទ័ពជួរមុខទាំងអស់មានសុវត្ថិភាពនិងបានជួបជុំគ្រួសារសូមអោយប្រជាពលរដ្ឋបានសុខសប្បាយបានត្រលប់ទៅភូមិឋានរបស់ខ្លួន និងសូមឱ្យបដិសន្ធិវិញ្ញាណរបស់ វីរៈកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ ទទួលបានសេចក្តីសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕






































