សៀមរាប: គិតមកត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបន្តទទួលអំណោយពីសប្បុរសជនក្នុងមូលដ្ឋានខេត្ត និង បណ្តាក្រុមហ៊ុន សប្បុរសជនក្នុងស្រុក ដែលបានបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារៈ ដើម្បីយកទៅជូនដល់វីរ
កងទ័ពជួរមុខ និង ជនភៀសសឹក បន្ទាប់ពីមានជម្លោះប្រដាប់អាវុធបង្កឡើងដោយទាហានថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។ ក្នុងពិធីទទួលអំណោយនោះក៏មានវត្តមានរបស់ឯកឧត្តម លី សំរិទ្ធ ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និង អស់ លោក លោកស្រីមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុមការងារផងដែរ ។
ក្នុងឱកាសនោះឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសជនទាំងនៅក្នុងខេត្ត និង បណ្តាក្រុមហ៊ុន មកពីបណ្តារាជធានី ខេត្តនានា ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ សកម្មភាពទាំងនេះពិតជាបានបង្ហាញឲ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។ ឯកឧត្តមបានអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងស្មារតីខ្មែរ ជួយខ្មែរ នៃមហាសាមគ្គីគ្រួសារខ្មែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានគូសបញ្ជាក់ថា ចំពោះអំណោយដែលបងប្អូនសប្បុរសជន ទាំងជាតិ អន្តរជាតិ ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលខេត្តសៀមរាបមកដល់ពេលនេះ ក៏បានធ្វើការបែងចែក ផ្តល់ជូនដល់បងប្អូនដែលបានមកស្នាក់នៅទីកន្លែងមានសុវត្ថិភាព ទៅតាមបណ្តាក្រុង ស្រុក ព្រមទាំងបានដឹកជញ្ជូនយកទៅប្រគល់ជូនដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារនៅតាមបណ្តោយព្រំដែន ។
សូមបញ្ជាក់ផងដែរថា អំណោយទាំងនេះ រដ្ឋបាលសាលាខេត្ត បានធ្វើការអំពាវនាវដល់ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗ ខ្លួន ដើម្បីចូលរួមគាំទ្រ និង លើកទឹកចិត្តដល់វីរកងទ័ពជួរមុខ កម្ពុជា ដែលបាននិងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ព្រមទាំងជួយដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មកកាន់ទីកន្លែងសុវត្ថិភាពនានាក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ម៉្យាងទៀត អំណោយទាំងនេះ បានដឹកយកទៅជូនតាមទីតាំងកន្លែងជនភៀសសឹកស្នាក់នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តផងដែរ ៕






































