មន្ទីរព័ត៌មានខេត្តកំពង់ចាម អំពាវនាវសូមឱ្យជួយផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើការចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់

0

កំពង់ចាម: លោកស្រី សម ផល្លា ប្រធានមន្ទីរខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យជួយផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើការ ចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ការអំពាវនាវបែបនេះក្នុងឱកាសបើកយុទ្ធនាការ ផ្សាព្វផ្សាយ បញ្ជាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយនៅតាមសាលារៀន អាហារដ្ឋាន និងទីសា ធារណៈផ្សេងៗ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។

បើតាម លោកស្រីប្រធានមន្ទីរ បានឱ្យដឹងថា យុទ្ធនាការនេះពិតជាសំខាន់ ហើយក្រុមការងារនឹង បន្តចុះធ្វើនៅគ្រប់បណ្តាក្រុង-ស្រុកនៅទូទាំងខេត្តកំពង់ចាម ដើម្បីអប់រំដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យមានការយល់ដឹងពីពត៌មានក្លែងក្លាយ ពោលគឺសំដៅទៅលើព័ត៌មានមិនពិត ព័ត៌មានញុះញង់ រើសអើង ឱ្យប្រើអំពើហង្សា តាមរយៈការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណេត ឬ បណ្តាញទំនាក់ទំនងសង្គម ដែលបង្កភាពចលាចលនៅក្នុងសង្គម។

លោកស្រីប្រធានមន្ទីរបានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ត្រូវ បានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និង ឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខ ព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ៕