កងទ័ពកម្ពុជាពីររូប ត្រូវបានទាហានថៃបញ្ជូនត្រឡប់មកវិញ តាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្ដរមានជ័យ !

0

ខេត្តឧត្តរមានជ័យ៖ កងទ័ពកម្ពុជា ពីររូបក្នុងចំណោម ១៨រូប ត្រូវបានទាហានថៃបញ្ជូនមកឲ្យកម្ពុជាវិញ នាម៉ោង ១១ និង០០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ នៃខេត្តឧត្តរមានជ័យ ក្រោយការចាប់ខ្លូនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចព្រមព្រៀង”បទឈប់បាញ់”ចូលជាធរមាននៅប្រទេសម៉ាឡេស៊ីនោះរួចមក។

កងទ័ពកម្ពុជា ទាំងពីររូបដែលត្រូវទាហានថៃដោះលែង និងបញ្ជូនមកកម្ពុជាវិញនោះ គឺ ម្នាក់ឈ្មោះ អាង អឿង អាយុ ៣៧ឆ្នាំ មានឋានៈអនុសេនីយ៍ត្រី (សក្តិ១) និងម្នាក់ទៀត ឈ្មោះ ម៉ក រិទ្ធី អាយុ ៥៣ឆ្នាំ ឋានៈពលបាលឯក ។

ដោយឡែក នៅសល់ ១៦នាក់ទៀត មិនទាន់ត្រូវបានបញ្ជូនមកកម្ពុជាក្នុងពេលនេះឡើង ព្រោះទាហានថៃ អះអាងថា សាកសួរមិនទាន់ចប់នៅឡើយ។

ស្របពេលជាមួយគ្នានេះ កម្ពុជាបាននិងកំពុងបន្តជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំងដែលនៅសល់ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

គួរបញ្ជាក់ថា កងទ័ពកម្ពុជា ២០រូប ដែលត្រូវបានទាហានថៃប្រើល្បិចចាប់ខ្លួន កាលពីថ្ងៃទី២៩កក្កដា២០២៥ កន្លងទៅនេះ ក្នុងចំណោម ២០នាក់ ០២នាក់ ម្នាក់រត់រួចជីវិតទាំងរងរបួស និងម្នាក់ទៀតស្លាប់ ដោយសារការបាញ់ប្រហារពីសំណាក់ទាហានថៃ៕ ដោយ៖ឡុង សំបូរ