សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ របស់សប្បុរសជនចែកជូនដល់ជនភៀសសឹកមកស្នាក់នៅក្នុងខេត្តសៀមរាប

0

សៀមរាប: គ្រឿងឧបភោគបរិភោគ រួមសម្ភារៈប្រើប្រាស់ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនជីបម៉ុង និង ឯកឧត្តម គួច ចំរើននិងលោកជំទាវ អ៊ូ ធីតាពៅ រួមទាំង ឯកឧត្តមសេនីយ៍ឯក ឆែម សត្យា ត្រូវបានសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះមន្រ្តីសង្ឃខេត្តសៀមរាប

និង អាជ្ញាធរខេត្តសៀមរាប នាំយកមកចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកមកពីតំបន់មានជម្លោះកម្ពុជា.ថៃ ចំនួន ជាង ១,០០០គ្រួសារបានមកស្នាក់នៅដោយសុវត្ថិភាពនៅក្នុងស្រុកស្វាយលើខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៥នេះ។
ក្នុងនាមអាជ្ញាធរខេត្តលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថ្លែងបានសម្តែងនូវសេចក្តីរំភើប និងការកោតសរសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជនទាំងក្នុងខេត្តក្រៅខេត្តក៍ដូចជាក្រៅប្រទេស ដែលបានចែករំលែកនូវក្ដីស្រឡាញ់ សាមគ្គីភាព មិត្ត ភាព និងការបរិច្ចាគស្បៀងអាហារជូនដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក តាមរយៈសម្ដេច ព្រះព្រហ្មរតនមុនី ពិន សែម និងរដ្ឋបាលខេត្តសៀមរាប ។ ក្នុងឱកាសនោះដែរលោក អ៊ឹង គឹមលាង ក៍បានមានក៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យស្រឡាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាពនេះជាសេចក្តីសុខរបស់យើងទាំងអស់គ្នា សូម កុំឱ្យមានសង្រ្គាម បើមានសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់វិស័យទាំងអស់ឲ្យរីកចម្រើន ដូចជាក់ស្តែងនេះយើង ត្រូវប្រទេសថៃ ឈ្លានពាន រំលោភបំពាន ប្រមាទមើលងាយថា ប្រទេសយើង ក្រឬ អន់ក៏ដោយ ក៏មេដឹងនាំយើងនៅតែអត់ធ្មត់ ទប់កាយ ទប់ចិត្ត ប្រុងកងទ័ពយ៉ាងរឹងមាំ ប្រើបញ្ញា ស្មារតី ចរចា ការទូត ដ៏ឈ្លាសវៃដើម្បីដោះស្រាយបញ្ហា ដោយសន្តិវិធី ។ហើយមានកម្លាំងសាមគ្គីរួមសុខរួមទុក្ខ និងទទួលខុសត្រូវ ជាមួយប្រជាពលរដ្ឋយ៉ាងកក់ក្តៅជាទីបំផុត។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានមានថេរដីកាលើកឡើងថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ហើយ វាធ្វើឱ្យបែកបាក់គ្រួសារ បាត់បង់បងប្អូន ញាតិសន្តាន ហើយវិស័យគ្រប់យ៉ាងគឺត្រូវបាត់បង់ទាំងអស់ ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ ។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក៍បានមានថេរដីកាសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា ។ សូមអោយប្រទេសកម្ពុជាយើងមានសុខសន្តិភាពដូចមុនសូមអោយកងទ័ពជួរមុខទាំងអស់មានសុវត្ថិភាពនិងបានជួបជុំគ្រួសារសូមអោយប្រជាពលរដ្ឋបានសុខសប្បាយបានត្រលប់ទៅភូមិឋានរបស់ខ្លួន និងសូមឲ្យបដិសន្ធិវិញ្ញាណរបស់ វីរៈកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ ទទួលបានសេចក្តីសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕