ខេត្តបន្ទាយមានជ័យជនសង្ស័យចំនួន២នាក់ប្រុសស្រីជាប់ពាក់ព័ន្ធនិងសកម្មភាព លួចម៉ូតូក្រោយពីលួចបានហើយយកទៅលាក់ទុកនៅក្នុងចំការដំឡូងមីមួយកន្លែងនៅរសៀលថ្ងៃទី១៧ខែវិច្ឆកាឆ្នាំ២០១៤នៅស្រុកថ្មួក។មន្ត្រីនគរបាល ព្រហ្មទណ្ឌ ស្រុកថ្មពួក បានឲ្យដឹងថា ក្រោយពីមានករណី លួចម៉ូតូ របស់ ប្រជាពលរដ្ឋរួចមក កម្លាំងនគរបាល ព្រហ្មទណ្ឌ និងកម្លាំង
នគរបាល មូលដ្ឋាន បានសហការគ្នាបើកការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យបានចំនួន២នាក់ ក្នុងនោះមានស្រីម្នាក់ ដែលបានយកម៉ូតូដែលខ្លួនលួចបានយកទៅលាក់ទុកនៅក្នុងចំការដំឡូងរបស់អ្នកស្រុកមួយកន្លែង។មន្ត្រីនគរបាល បានបន្តទៀតថា តាមជំនាញ របស់ខ្លួននគរបាល បានឈានទៅដល់ការចាប់ ជនសង្ស័យទាំងនេះ ខណៈជន សង្ស័យបានទៅ ទិញសាំងយកទៅចាក់ម៉ូតូ ដែលខ្លួនលាក់ទុក នៅក្នុង ចំការ ដំឡូងនោះ។
ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណជនសង្ស័យទាំង២នាក់នេះនៅបាននៅឡើយទេ ដោយរង់ចាំការសួរនាំបន្តទៀតនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការ តាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថាកាលពីពេលកន្លងទៅថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាល តាមបណ្តាស្រុក ចុះទៅចាប់ខ្លួនជនសង្ស័យជាចោរលួចយ៉ាងសកម្មបានបន្តបន្ទាប់ដែលជាមុខសញ្ញា លួចម៉ូតូមានប្រដាប់ដោយអាវុធព្រមទាំងដកហូតម៉ូតូមួយចំនួនជាច្រើនគ្រឿងទៀតផងដែរ៕




































