ប្រជាពលរដ្ឋជិត១០០គ្រួសារដែលជម្លៀសពីទីតាំងតាមជាយដែន ក្នុងភូមិសាស្រ្តស្រុកស្វាយចេកទទួលអំណោយពីក្រសួងអភិវឌ្ឍន៍ជនបទ

0

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត១០០គ្រួសារ ជម្លៀសពីទីតាំងតាមជាយដែនក្នុងភូមិសាស្រ្តស្រុកស្វាយចេក មកកាន់ទីកន្លែងសុវត្ថិភាពស្នាក់នៅបណ្ដោះអាសន្ន នៅវត្តប្រាសាទភាស ស្ថិតនៅភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យការចុះសួរសុខទុក្ខ ពីក្រសួងអភិវឌ្ឍន៍ជនបទនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។

ការចុះសួរសុខទុក្ខពលរដ្ឋនាគ្រានេះមានវត្តមាន ឯកឧត្តម ភួង សោភា និងលោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើនរូប។

ឯកឧត្តមភួង សោភា និងលោកជំទាវ គង់ សុធីរី បាទមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ឯកឧត្តម បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យថែរក្សាសុខភាពអនាម័យ ហូបស្អាត រស់នៅស្អាត ចូលរួមតាមដាន និងសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជាប់ជាប្រចាំសំដៅប្រសិទ្ធភាពក្នុងការដោះស្រាយ ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដឹកនាំដោះស្រាយបញ្ហាជាតិដ៏ធំមួយនេះ ហើយកុំមានគំនិតរើសអើងជាតិសាសន៍ណាមួយដែលគេរស់នៅជាមួយយើង កម្ពុជាពិតតែជាប្រទេសតូច តែមានបេះដូងធំ។ ជាពិសេសសូមបងប្អូនស៊ូទ្រាំបន្តិចទៀតក្នុងការរស់នៅទីកន្លែងសុវត្ថិភាពស្នាក់នៅបណ្ដោះអាសន្ន ទម្រាំតែស្ថានភាពព្រំដែនស្ងប់ស្ងាត់។

សម្រាប់សម្ភារៈអំណោយដែលចែកជូនទាំង៧៥គ្រួសារនាពេលនោះរួមមាន៖១,សាប៊ូ៥០០ដុំ,២,សារុង៨០,៣,ថវិការសរុប៣.៧៥០.០០០លានរៀល។

ដោយឡែកនៅថ្ងៃដ៏ដែលនោះឯកឧត្តមភួង សោភា និងលោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនវីរៈយុទ្ធជនចំនួន ០២នាក់ និងនគរបាលការពារព្រំដែន៣នាក់ ដែលរងផលប៉ះពាល់ផ្សែងពុលរបស់ពួកទ័ពសៀមឈ្លានពាន ដែលកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ក្នុងនោះមួយនាក់ទទួលបានថវិកា ២០០,០០០រៀល និងសារុង៣៕ដោយ៖ឃិន គន្ធា