ខេត្តកែប៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំពិភាក្សាលើការកំណត់ទិន្នន័យគោលរបស់មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ និងតម្រូវការបណ្តុះបណ្តាល និងវិក្រឹត្យការឆ្នាំ២០២៦-២០២៨ កិច្ចប្រជុំនេះប្រព្រឹត្តិទៅ
ក្រោមអធិបតីភាព លោក ព្រុំ គន្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក អៀង សុភ័ក្ត្រ នាយករងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបានការចូលរួមពីមន្រ្តីរជំនាញហិរញ្ញវត្ថុ នៃមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
លោក អៀង សុភ័ក្ត្រ នាយករងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ គោលបំណងសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ សំដៅលើការពិភាក្សាពីលទ្ធផលនៃការផ្តល់ទិន្នន័យ នៃការបំពេញតារាង ឧបសម្ព័ន្ធទី១ និង ទី២ នៃការសិក្សាកំណត់ “ទិន្នន័យគោលរបស់មន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៥ និង តម្រូវការបណ្តុះបណ្តាល និងវិក្រឹត្យការ ឆ្នាំ២០២៦-២០២៨” សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់ មុខតំណែង ជូនមន្ដ្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ រួមទាំងធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ៤៥ អនក្រ.បក ស្តីពី “គុណវុឌ្ឍវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធាណៈ”ជូនដល់មន្ត្រីរាជការក្នុងខេត្តកែប អោយបានយល់ដឹងបន្ថែមផងដែរ។
លោក ព្រុំ គន្ធិ មានប្រសាសន៍ផងដែរថា៖ កិច្ចប្រជុំពិភាក្សាលើការផ្តល់ទិន្នន័យស្តីពី
ទិន្នន័យគោលរបស់មន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៥ និងតម្រូវការបណ្តុះបណ្តាល និងវិក្រឹត្យការ ឆ្នាំ២០២៦-២០២៨ គឺជាការគាំទ្រ ក្នុងការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តសិទ្ធភាព។ ជាមួយគ្នានេះ ដើម្បីអោយការងារទទួលបានប្រសិទ្ធភាព លោក អភិបាលរងខេត្ត បានស្នើដល់ លោក លោកស្រីដែលជាមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈត្រូវខិតខំយកចិត្តទុកដាក់តាមដាន ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារបច្ចេកទេសវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសួរបញ្ជាក់ចំណុចដែលស្រពេចស្រពិលមិនច្បាស់លាស់ទាំងឡាយ ដើម្បីយកទៅអនុវត្តឱ្យកាន់តែរលូន និងទទួលបានជោគជ័យ៕ សេង ណារិទ្ធ






































