ត្បូងឃ្មុំ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យទីទួលសុវត្ថិភាព ខណៈទឹកទន្លេមេគង្គជន់ឡើង និងជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀស និងនាំសត្វពាហនៈ មករស់នៅ
បណ្ដោះអាសន្ន នៅតាមទីទួលសុវត្ថិភាពនៅបរិវេណដីឡូត៍ ឧកញ៉ា អាន ម៉ាឌី ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងទីតាំងទួលសុវត្ថិភាពនៅបរិវេណដីឡូត៍ ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
ក្នុងដំណើរចុះពិនិត្យទីទួលសុវត្ថិភាពនេះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានជម្រុញណែនាំដល់អាជ្ញាធរស្រុក-ឃុំ ត្រូវត្រៀមរៀបចំ សម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អ នៅជុំវិញទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ។ ទន្ទឹមនោះ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែង ផ្សេងៗ ដូចជា៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ និងអគ្គីភ័យ ជាដើម សម្រួលដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំ ទុកដាក់នូវសម្ភារប្រើប្រាស់ ក៏ដូចជាឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយ អាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង។
ជាមួយគ្នានោះឯកឧត្តម ប៉ែន កុសល្យ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់ឡើងខ្លាំង ម្យ៉ាងវិញទៀត ត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗផងដែរ ៕






































