សម្តេចតេជោ ហ៊ុន សែន ៖ បញ្ហាប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី ជារឿងធំដែលនឹងបំផ្លាញចោល នូវកិច្ចព្រមព្រៀងឈប់បាញ់ !

0

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍នៅយប់ថ្ងៃទី៨សីហា២០២៥នេះថា ៖ តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។

សម្តេចតេជោ បានបន្តថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធ មកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។

សម្តេចតេជោ បន្តទៀតថា រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់កម្ពុជា ប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាល ចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។

សម្តេចសង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ៕ s/b