ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពីឈ្លោះប្រកែកគ្នារឿងគោរបស់ជនល្មើសទៅស៊ីអំពៅរបស់ជនរងគ្រោះ យុវជនជាម្ចាស់គោបានប្រើអំពើហិង្សា ដោយយកពូថៅទៅកាប់សម្លាប់ស្ត្រីម្នាក់នៅនឹងកន្លែង ហើយបន្តទៅកាប់កូនស្រីជនរងគ្រោះបណ្តាលឲ្យរបួសជាទម្ងន់ នៅល្ងាច
ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក វរៈសេនីយ៍ត្រី អោម មុន្នីវណ្ណ អធិការនគរបាលស្រុកពញាក្រែកបានឲ្យដឹងថា ករណីឃាតកម្មកើតឡើងលើជនរងគ្រោះឈ្មោះ ប៊ុន មុន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ ដែលបង្កឡើងដោយជនល្មើស ឈ្មោះ តាក សិត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បានយកពូថៅធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះចំនួន២ពូថៅ ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ពេលឃើញហេតុការដូច្នេះ កូនស្រីរបស់ជានរងគ្រោះ ឈ្មោះ ប៊ុន មុន អាយុ២១ឆ្នាំ ពរកូនប្រុស អាយុមួយខួបកន្លះ បំរ៉ុងចូលទៅជួយ ត្រូវជនល្មើសកាប់បាក់ឆ្អឹងជំនីចំនួន២កាំ របួសជាទម្ងន់ជាមួយកូនតូច ។ មូលហេតុ ដោយសារ គោរបស់ជនល្មើសបានចូលទៅស៊ីអំពៅរបស់ជនរងគ្រោះអស់ចំនួន៤គុម្ព ទើបមានជម្លោះកើតឡើង ហើយឈានដល់បង្កករណីឃាតកម្មនេះតែម្តង ។ បន្ទាន់ពីធ្វើសកម្មភាពរួចជនល្មើសបានរត់គេចខ្លួន ដោយហែលទឹកឆ្លងព្រែកបាត់ទៅ ។
បច្ចុប្បន្នជនរងគ្រោះត្រូវរបួសនោះកំពុងជួយសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពង់ចាម ជាមួយកូនប្រុសឈ្មោះ ស៊ី កាចន្នី របូសស្រាល ។ ករណីនេះសមត្ថនគរបាលកំពុងបំពេញឯកសារ ចងក្រងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនល្មើស តាមនីតិវិធី ៕