បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចាស់ជរា និងជនភៀសសឹកចំនួន១០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសមាគមសង្រោះជីវិតនៃប្រទេសសឹង្ហបុរី

0

សៀមរាប: បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងចាស់ជរារួមនទាំងបងប្អូនជនភៀសសឹកចំនួន១០០គ្រួសារនៅក្នុងសង្កាត់គោកចកក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីសមាគមសង្រោះជីវិតនៃប្រទេសសឹង្ហបូរីដែលផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្តប្រាសាទគោកចក ក្រោមវត្តមាននិមន្តនិងអញ្ជើញញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃខេត្តសៀមរាប និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប រួមនឹងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ។
លោក Goh Tung Heng ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានលើកឡើងអំពីគោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបន្តថា នេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈ ហើយសមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពល រដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ។
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយ ម៉្យាងទៀត កាយវិការសប្បុរសធម៌នេះ នឹងធ្វើឲ្យក្លាយជាកាលានុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និងប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ដោយក្នុងនោះឯកឧត្តម អ្នកឧកញ៉ សៀង ណាំ បានអរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរី Channel News Asia (CNA) ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់ដោយបង្ហាញពីការឈ្លានពានរបស់ទាហ៊ានថៃដែលបានវាយប្រហារឈ្លានពានមកទឹកដីកម្ពុជាជាមុននិងបានធ្វើឲ្យប្រជាជនស្លូតត្រង់ត្រូវរងគ្រោះដោយសារតែទង្វើរបស់ពួកទាហានឈ្លានពានថៃដើម្បីឲ្យឆាកអន្តរជាតិបានដឹងផងដែរ ។ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានថ្លែងបញ្ជាក់ថា សង្គ្រាមដែលទាហានថៃឈ្លានពានមកលើកម្ពុជាមិនត្រឹមតែធ្វើឲ្យបាត់បង់ជីវិតកងទ័ព និងខូតខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែវាថែមទាំងបានបង្កការឈឺចាប់ដល់កុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ត្រូវបានរត់ភៀសខ្លួនចោលផ្ទះសម្បែង ថែមទាំងគួរឲ្យកង្វល់ជាខ្លាំង ជាមួយនឹងស្នាមរបួសផ្លូវកាយ និងផ្លូវចិត្តដែលមិនអាចលុបបំបាត់បាន នូវភ្លើងសង្គ្រាមឈ្លានពានទឹកដីរបស់យោធាថៃមកលើប្រជាជនស្លូតត្រង់។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍បញ្ជាក់កម្ពុជាមិនមែនជាភាគីដែលឈ្លានពានឡើយ ប៉ុន្តែកម្ពុជា នៅបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពដ៏រឹងមាំ និងអង់អាចរបស់ខ្លួន ការពារបូរណភាពទឹកដីប្រឆាំងនឹងអំពើរំលោភរបស់សៀម ក្នុងពេលកន្លងមកនេះថែមទៀត ។ កម្ពុជា បញ្ជូនសារដ៏ច្បាស់លាស់ទៅកាន់សហគមន៍អន្តរជាតិ ក្នុងការបង្ហាញអំពីមហិច្ឆតារបស់ថៃ ដែលចង់លុបបំបាត់ និងចង់បំផ្លាញកេរ្តិ៍មរតកប្រាសាទបុរាណរបស់ជាតិខ្មែរ។ ឯកឧត្តម អ្នកឧកញ៉ា បានថ្លែងបញ្ជាក់បន្ថែមផងដែរថា កម្ពុជាគឺជាប្រទេសដ៏តូចមួយ និងបានហែលឆ្លងកាត់សង្គ្រាមនិងឧបសគ្គតូចធំរាប់មិនអស់និងទើបតែមានសន្តិភាពពិតប្រាកដរយៈពេល២៧ឆ្នាំមកនេះទេ ហើយកម្ពុជាមិនចង់វិលទៅរកអតីតកាលសង្គ្រាមនិងភាពបែកបាក់ និងការព្រាត់ប្រាស់គ្រួសារឡើយ ។ ហេតុដូច្នេះហើយ សន្តិភាពពិតជាមានតម្លៃណាស់ចំពោះកម្ពុជា។ កម្ពុជាមិនបោះបង់ ឬបំភ្លេចកាតព្វកិច្ចការពារជាតិ ដើម្បីការថែរក្សាសន្តិភាពនោះទេ។ អាទិភាពរបស់កម្ពុជា គឺព្រំដែនសន្តិភាព និងការពារអធិបតេយ្យភាពរបស់ខ្លួន ដូច្នេះការព្យាយាមចង់បង្វែរស្ថានការណ៍បិទបាំង មិនឱ្យពិភពលោកឃើញនូវទង្វើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានោះ មិនអាចទទួលជោគជ័យបានឡើយ ៕