រតនគិរីៈ អាជីវករក្នុងផ្សារបានលុងខេត្តរតនគិរី ចំនួន៣០៨នាក់បានផ្តិតមេដៃសុំអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសុំឲ្យមានការទប់ស្កាត់ហាមឃាត់លើការសាងសង់ផ្ទះល្វែងជួល លក់ បញ្ចាំ ផ្ទេរសិទ្ធិ ឫសង់តូប ស្តង់ ធ្វើអាជីវកម្មផ្សេងៗលើដីទំហំ៥៤x១១០ម៉ែត្រ ដែលស្ថិតនៅជាប់មុខផ្សារបានលុងនោះ។
ពាក្យស្នើសុំអន្តរាគមន៍ចំនួន០៣ច្បាប់ កាលពីថ្ងៃទី១០ ខែវិច្ឆការ ឆ្នាំ២០១៤ កន្លងទៅនេះ បានដាក់ជូន ទៅសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ជូនសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដែលពាក្យស្នើសុំអន្តរាគមន៍ទាំងនេះដោយលោក អុក សំអុល អភិបាលក្រុងបានលុង បានប្រកាសកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤កន្លងទៅនេះថា លោកមានបំណងយកដី៥៤x១១០ម៉ែត្រធ្វើជាតូប និងស្តង់ជូនដល់អាជីវករទាំងអស់ក្រៅពីបរិវេណផ្សារ។
សូមរំលឹកដែលថាដីទំនេរនៅមុខផ្សារក្រុងបានលុងទំហំ៥៤x១១០ម៉ែត្រ បានកើតមានរឿងរ៉ាវប្តឹងតវ៉ាច្រើនលើកច្រើនសារពីអាជីវកររាប់រយនាក់ម្តងរួចទៅហើយ ដោយស្នើអោយទុកដីនោះសំរាប់ផលប្រយោជន៍សាធារណៈ ជាចំណតរថយន្តភ្ញៀវជាតិ និងអន្តរជាតិ ហើយរក្សាទុកនៅសោភ័ណ្ឌភាព បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ជាពិសេសសំរាប់បញ្ជាសគ្រោះថ្នាក់អគ្គីភ័យជាយថាហេតុ។
ដោយសារតែអាជ្ញាធរខេត្តរតនគិរីលើកសំណើរធ្វើអនុបយោគជាមួយនិងទីតាំងដី២កន្លែងផ្សេងទៀតទៅអោយក្រុមហ៊ុនតាយ សេង វិនិយោគធ្វើជាផ្ទះល្វែងនិងការសាងសង់អគាររដ្ឋបាលសាលាក្រុងបានលុង និងការសាសង់អគារសាលាស្រុកចំនួន៨ក្នុងខេត្តរតនគិរីនេះ ហើយត្រូវបានរាជរដ្ឋាភិបាលឯកភាពនិងអនុញ្ញាតិអោយធ្វើការដោះដូរ ប៉ុន្តែដោយសារតែមានការតវ៉ាពីអាជីវករទាំងនោះទើបសម្តេចហ៊ុន សែន បានចំណាឯកភាពអោយរក្សាទុកទីតាំងនោះដើម្បីបំរើផលប្រយោជន៍សាធារណៈកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០កន្លងទៅ។
អភិបាលក្រុងបានលុង លោកអុក សំអុល នៅរសៀលថ្ងៃទី១៧ ខែវិច្ឆកា នេះបានមានប្រសាសន៍ថាទោះជាយ៉ាងណាក៏ដោយការរៀបចំរបស់ក្រុង ក៏ត្រូវសុំគោលការណ៍ពីថ្នាក់លើដែរ ប៉ុន្តែជាគំនិតរបស់ក្រុងត្រូវតែរៀបចំ ពីព្រោះពាក់ព័ន្ធនិងរបៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ ហើយការរៀបចំនោះគឺធ្វើត្រឹមត្រូវតាមនិតិវិធីច្បាប់។ ប៉ុន្តែយ៉ាងណាក៏ដោយមកទល់ពេលនេះគ្រាន់តែគំនិតសាលាក្រុងនោះទេមិនទាន់បានអនុវត្តន៍ឡើយ។ គេកំពុងរងចាំមើលថា តើសាលាក្រុងនិងមានវិធានការយ៉ាងណា ដើម្បីមានប្រសិទ្ធិភាពស្របតាមចំណារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នោះ៕