សាកលវិទ្យាល័យអង្គរនិងសាកលវិទ្យាល័យព្រះសីហនុរាជ បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណងផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព

0

សៀមរាប: សាកលវិទ្យាល័យអង្គរនិងសាកលវិទ្យាល័យព្រះសីហនុរាជបានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណងគឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ដែលស្ថិតក្រោមព្រះអធិបតីសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ឯកឧត្តម បណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ និងជាទីប្រឹក្សាឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាកលវិទ្យាល័យទាំងពីរចូលរួមផងដែរ កាលពីរសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៥នេះ។
ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុ លោកសាស្ត្រាចារ្យ ហួត គង់យូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង្គរ បានមានប្រសាសន៍ថាការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យព្រះសីហនុរាជ ដែលត្រូវបានចុះហត្ថលេខានាពេលនេះ ក្នុងគោលបំណងសំខាន់ គឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមកនិងដើម្បីចងសម្ព័ន្ធភាពជាមួយគ្នាលើកិច្ចសហការបណ្តុះស្មារតីស្នេហាជាតិនិងការអប់រំផ្លូវចិត្តតាមទ្រឹស្ដីព្រះពុទ្ធសាសនា ហើយ កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ប្រយោជន៍ដល់ព្រះសង្ឃ សិស្ស និស្សិត និងបុគ្គលិកក្នុងការសិក្សា និងស្រាវជ្រាវផងដែរ។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរដីកាថាផ្អែកលើកត្តាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង វប្បធម៌ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតប្រជាជាតិខ្មែរតាំងពីបុរាណកាលមកទោះជាមានហេតុការណ៍ចលាចលជាញឹកញាប់ ដោយពួកជនបរទេសចូលលុកលុយ បំផ្លិចបំផ្លាយទ្រព្យសម្បត្តិនិងអាយុជីវិតយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរនៅតែព្យាយាមការពារនិងថែរក្សាព្រះពុទ្ធសាសនា រហូតក្លាយជាប្រទេសពុទ្ធសាសនិកពេញទីហើយទទួលស្គាល់តាមរដ្ឋធម្មនុញ្ញនូវព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋថែមទៀត។ ក្នុងនោះផងដែរ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានមានថេរដីកាថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរសម្រាប់គំនិតផ្តួចផ្តើមសម្រាប់ការអនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ។ សម្តេចព្រះមហាអរិយវង្ស មានព្រះសង្ឃដីកាថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ មានសារសំខាន់ណាស់ គឺអាចមានទំនាក់ទំនងល្អជាមួយគ្នា លើវិស័យអប់រំ, ការផ្លាស់ប្តូរ បទពិសោធន៍នឹងគ្នាទៅវិញទៅមកផងដែរ៕