​គ្រាន់តែ​សួរថា​មក​ផឹក ឬ​មក​ស៊ីសាច់​ក្លែម ទាញ​ចាន​គប់​រយះ​ក្បាល​

0

​ ​អំពើហិង្សា​នៅក្នុង​វង់​ផឹកស៊ី​មួយ បង្ក​ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ជនដៃដល់​មិនទាន់​ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន​នៅឡើយ​ទេ ។ ករណី​ហិង្សា រវាង​អ្នកផឹកស៊ី​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ស្ថិតនៅ​ភូមិ​អង្គ​តា​មោក ឃុំ​ប្រសូត ស្រុក​ស្វាយទាប ខេត្ដ​

ស្វាយរៀង ។ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ប្រសូត បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជូ សុខ​ខឿន អាយុ​២៧​ឆ្នាំ ជា​កម្មករសំណង់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​រងរបួស​បែកក្បាល ។​​ ​3

ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា មុនពេល​កើតហេតុ មាន​បុរស​ឈ្មោះ ខា អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ភូមិ​ជាមួយគ្នា បាន​ហៅ​រូបគេ​ទៅ​ផឹកស៊ី នៅផ្ទះ​បងប្អូន​ជីដូនមួយ ដោយមាន​គ្នា​ទាំងអស់​៤​នាក់​មានឈ្មោះ យួន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ឈ្មោះ កេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

នៅពេល​កំពុង​ផឹកស៊ី បាន​ប្រមាណ​ជាង​១​ម៉ោង ពេលនោះ ឈ្មោះ យួន ជា​ជនបង្ក បាន​ក្លែម​សាច់​រហូត ដោយ​មិនសូវ​ផឹកស្រា​នោះទេ ។ ពេលនោះ​រូបគេ​បាន​និយាយ ទៅកាន់​ឈ្មោះ យួន បែប​លេងសើច​ប៉ុណ្ណោះ​ថា “​មក​ផឹក ឬ​មក​ស៊ីសាច់​ក្លែម​?” ។ បន្ទាប់មក​ជនបង្ក ក៏​ឆ្លើយតប​វិញ​ថា “​ផឹក​គឺ​ស៊ី​ហើយ ចឹ​ង​ទិញ​សាច់​ក្លែម​មក​ធ្វើ​អី​!” ។ ​ ​ជនរងគ្រោះ​បាន​បន្ដថា ការ​សួរ​ចុះ សួរ​ឡើង​នេះ គឺ​ខ្លួន​មានបំណង​ជជែក​គ្នា​លេងសើច​ប៉ុណ្ណោះ តែ​មិន​ដូច​អ្វីដែល​ជនបង្ក​គិត​នោះទេ ។1

បន្ទាប់មក​ឈ្មោះ ខា ក៏បាន​ឆ្លើយតប​វិញ​ថា ផឹកស៊ី​ចាំបាច់​និយាយ​ច្រើន​ម្ល៉េះ​នាំ​តែ​ឈ្លោះ​គ្នា​ទេ ។ ឈ្មោះ ខា និយាយ​មិនទាន់​ចប់​ផង ឈ្មោះ យួន ក៏បាន​ស្ទុះ​ទៅយក​ចាន ដាក់​សាច់​ក្លែម​គប់​មកលើ​ក្បាល​ខ្លួន មិនតែប៉ុណ្ណោះ បាន​យក​ដំបង វាយ​ថែមទៀត ។ ភ្លាមៗ​នោះ ឈ្មោះ កេ​ត ក៏បាន​ទាញយក​ដែក​ស្រួច ចាក់​ចំ​កំភួនដៃ​ខាងស្ដាំ របស់ខ្លួន​បណ្ដាលឱ្យរ​ង​របួសធ្ងន់​ផងដែរ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ដ ។​​ ​2

ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា សមត្ថកិច្ច​នៅ​ពុំទាន់​បាន​ឃាត់ខ្លួន​ជនដៃដល់​នៅឡើយ​ទេ ទំនងជា​សមត្ថកិច្ច រង់ចាំ​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​សិន ។ ទោះជា​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ បាន​លើកឡើងថា សមត្ថកិច្ច​មិនគួរ​រង់ចាំ​ពាក្យបណ្ដឹង ជនរងគ្រោះ​នោះទេ ឱ្យតែ​បទល្មើស​ជាក់ស្ដែង សមត្ថកិច្ច​ត្រូវតែមាន​វិធានការ ចាប់ខ្លួន​ជនបង្ក​របួសស្នាម​នោះ​ភ្លាមៗ ៕