ថ្លើមធំមែនហ៊ានដាក់ដីចំណីព្រែកយកធ្វើជាកម្មសិទ្ធិផ្គើននឹងចំណាត់ការលោកអភិបាលក្រុងស្វាយរៀង

0

ខេត្តស្វាយរៀង៖លោកគង់សុភី ប្រធានក្រុមហ៊ុនម៉ៅការសំរាមក្រុងស្វាយរៀងអាងខ្នងឬក៏មានខ្សែអ្នកធំទើបហ៊ានដឹកយកអាចម៌ដីមកចាក់លប់ចំណីព្រែកទទឹង៣៦ម៉ែត្របណ្តោយ១០០ម៉ែត្រធ្វើជាកម្មសិទ្ធិហ៊ានផ្គើនចំណាត់ការរបស់លោកអភិបាលក្រុងស្វាយរៀងឲ្យកាយយកអាចម៌ដីចេញវិញដើម្បីរក្សាដីចំណីព្រែកធម្មជាតិជាដីរបស់រដ្ឋ ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះនៅចាក់ដីរំលោភផ្គើននិងចំណាត់ការរបស់រដ្ឋបាលក្រុង។ពាក់ព័ន្ធក្នុងករណីនេះ លោកគង់សុភី ប្រធានក្រុមហ៊ុនម៉ៅការសំរាម ដែលបានចាក់អាចម៌ដីលប់ចំណីព្រែកអូរស្មាច់ធ្វើជាកម្មសិទ្ធិ បានប្រាប់អ្នកសារព័ត៌មានយើងនៅព្រឹកថ្ងៃទី១៨សីហា២០២៥នេះថា លោករង់ចាំ លោកអភិបាលរងខេត្តចុះមកពិនិត្យនិងអនុញ្ញាតិឲ្យកាយត្រឹមណា ទើបលោកកាយ។លោកហែមពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា លោកមិនទាន់ជ្រាបក្នុងករណីនេះទេ សូមឲ្យទាក់ទងទៅលោកអភិបាលក្រុងស្វាយរៀងពិនិត្យដោះស្រាយ។លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍តាមទូរសព្ទ័ នារសៀលនេះថា លោកបានដឹកនាំក្រុមការងារចុះទៅពិនិត្យម្តងរួចហើយឃើញថា ក្រុមហ៊ុនគង់សុភី បានចាក់អាចម៌ដីលប់ចំណីព្រែកធម្មជាតិអូស្មាច់ ទទឹង៣៦ម៉ែត្របណ្តោយ១០០ម៉ែត្រ និងខាងក្រោយដីមានបណ្ណ័ទទឹង១៩ម៉ែត្របណ្តោយ២៥ម៉ែត្រ។រដ្ឋបាលក្រុងបានបោះបង្គោលកំណត់ព្រំដីរួចធ្វើកិច្ចសន្យាឲ្យឈ្មោះគង់សុភី យកគ្រឿងចក្រកាយយកអាចម៌ដី ចេញវិញ រក្សាស្ថានភាពដីចំណីព្រែកដូចដើមវិញ ដោយកំណត់ឲ្យកាយចាប់ពីថ្ងៃទី០៥សីហា២០២៥តទៅ ក៏ប៉ុន្តែឈ្មោះគង់សុភី មិនអនុវត្តតាមកិច្ចសន្យា ដូច្នេះលោកនិងចាត់ក្រុមការងារចុះទៅពិនិត្យវាស់វែងនិងបោះបង្គោលថ្ម ដកយកដី«ទទឹង៣៦ម៉ែត្របណ្តោយ១០០ម៉ែត្រ»ទុកជាសម្បត្តិរបស់រដ្ឋ។មហាជនបានលើកឡើងថា ករណីនេះប្រៀបដូចពាក្យលោកថាកន្ទេលធំបន្លំដេក(ថ្នាក់ដឹកនាំកំពុងជាប់រវល់រឿងសមរភូមិមុខចោរសៀមឈ្លានពានទឹកដីកម្ពុជាបែជាលោកគង់សុភីដាក់ដីយកធ្វើកម្មសិទ្ធយ៉ាងប្រហើរ)។ប្រជាពលរដ្ឋនៅភូមិចុងព្រែកសំណូមអោយឲ្យរដ្ឋបាលក្រុងស្វាយរៀងអនុវត្តច្បាប់ទៅលើម្ចាស់ក្រុមហ៊ុនគង់សុភី ដែលបានចាក់អាចម៌ដីលប់ព្រែកធម្មជាតិ ដែលជាដីទ្រព្យសម្បត្តិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់មិនគួរលើកលែងទេ ត្រូវតែអនុវត្តច្បាប់ កុំឲ្យជនឈ្លៀតឱកាស់ចាក់ដីរំលោភយកដីព្រែកធម្មជាតិធ្វើជាកម្មសិទ្ធិបន្តទៀត។ពិសេសសូមអោយជំនាញធនធានទឹកថ្នាក់ជាតិចុះមកពិនិត្យមើលផងទាន ព្រែកនិងចំណីព្រែកអំស្មាច់ គេជីកយកអាចម៌ដីលក់និងលប់យកធ្វើជាកម្មសិទ្ធិ រួមនៅទំហំតូចស្ទើរតែបាត់បង់ព្រែកទៅហើយ។
សូមបញ្ជាក់ប្រជាពលរដ្ឋរស់នៅភូមិចុងព្រែកនិងភូមិធ្មល់សង្កាត់ចេក បានលើកឡើងថា មានប្រធានក្រុមហ៊ុនម៉ៅការចាក់សម្រាមក្រុងស្វាយរៀងបានដឹកអាចម៌ដីយកមកចាក់លប់ដីចំណីព្រែកធម្មជាតិ អូស្មាច់ ដោយមានទទឺងប្រមាណ៧០ម៉ែត្របណ្តោយប្រមាណ១០០ម៉ែត្រចូលទៅក្នុងព្រែកបង្កឲ្យមានការរិះគន់ចំៗទៅអាជ្ញាធរក្រុងស្វាយរៀងថា បណ្តែតបណ្តោយឲ្យគេចាក់ដីលប់ដីចំណីព្រែកធម្មជាតិធ្វើជាកម្មសិទ្ធិ គ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់មកហាមឃាត់ឡើយ ចាក់លប់ដោយរលូន។ករណីមហាជនលើកឡើងការចាក់ដីលប់ចំណីព្រែកធម្មជាតិនេះកើតឡើងនាព្រឹកថ្ងៃទី០២សីហា២០២៥ នៅចំណុចខាងជើងស្ពានអូស្មាច់ចម្ងាយប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេកក្រុងស្វាយរៀង។ទាក់ទិនករណីនេះដែរ លោកគង់សុភី ក្រុមហ៊ុនគង់សុភី ឯ.ក បានប្រាប់អ្នកព័ត៌មាន តាមទូរសព្ទ័នារសៀលនេះថា នៅចំណុចលោកចាក់ដី នោះគឺជាដីកម្មសិទ្ធិរបស់លោក គឺមានចំនួន២០ក្បាលដីឯណោះ ហើយលោកបានស្នើសុំចុះបញ្ជី រួចហើយ ដូច្នេះការចាក់ដីនេះគឺមិនបានចាក់លប់ដីចំណីព្រែកដូចមហាជនលើកឡើងនោះទេ។ លោក ឌី យ៉ាម៉ង់ ប្រធានភូមិបាលក្រុងស្វាយរៀង បានប្រាប់អ្នកព័ត៌មានថា លោកបានទទួលដំណឹងនេះហើយ និងបានចាត់មន្ត្រីក្រុមការងារការិយាល័យភូមិបាលក្រុងឲ្យចុះទៅពិនិត្យមើលនៅរសៀលថ្ងៃទី២សីហា នេះ គឺពិនិត្យឃើញថា នៅចំណុចកើតហេតុនោះ គឺចាក់ចូលចំណីព្រែកមួយចំនួន លោកបានឲ្យលោកគង់សុភី យកគ្រឿងចក្រកាយលើកអាចម៍ដីឡើងវិញ។លោកឌីយ៉ាម៉ង់ បានបញ្ជាក់ថា បញ្ហា សុរិយោដីចុះបញ្ជី ចេញបណ្ណ័ឲ្យលោកគង់សុភី គឺដោយលោកគង់សុភី បានយកឯកសារទិញលក់ ពីប្រជាពលរដ្ឋដោយមានចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរភូមិសង្កាត់ត្រឹមត្រូវមកបង្ហាញ ក៏ប៉ុន្តែ ការចុះបញ្ជី នោះក្រុមការងារចុះវាស់វែង បើពិនិត្យឃើញថា ដីនោះជាចំណីព្រែកគឺមិនបានវាស់វែងចុះបញ្ជីទេ បើក្បាលដីណាដែលជាដីស្រែ មិនមែនជាដីចំណីព្រែកក្រុមការងារបានចុះបញ្ជីឲ្យ។ដូច្នេះក្បាលដីខ្លះបានចុះបញ្ជី ក្បាលដីខ្លះគឺមិនបានចុះបញ្ជីទេ បើក្រុមការងារចុះទៅពិនិត្យឃើញថា ការចាក់ដីនោះចាក់ចូលដីចំណីព្រែក គឺលោកបានឲ្យលោកគង់សុភីកាយយកអាចម៌ដីឡើងមកវិញ។ ចំណែកប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផល នៅចំណីព្រែក អូស្មាច់នេះបានប្រាប់អ្នកសារព័ត៌មានយើងថា កាលពីដើមឡើយព្រែកអូស្មាច់ នេះ មានទំហំធំ ហើយចំណីព្រែកក៏ធំ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រែកធម្មជាតិមួយនេះប្រកបមុខរបរនេសាទ នៅក្នុងព្រែក ហើយចំណីព្រែក ប្រជាពលរដ្ឋបានវាទ ចែកគ្នា គ្រប់គ្រងដាំបន្លែ ត្រកួន កញ្ឆែត អ្នកខ្លះជីឌៀរដាក់សម្រាស់ អាស្រ័យរហូតមកតាំងពីឆ្នាំ១៩៨២មកដល់បច្ចុប្បន្ន ក៏ប៉ុន្តែ អាជ្ញាធរមិនបានប្រគល់ឲ្យប្រជាពលរដ្ឋកាន់កាប់ជាកម្មសិទ្ធិទេ ដោយអាជ្ញាធរប្រាប់ថា ជាដីចំណីព្រែក។ក្រោយមកមុនពេលមានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ ក៏មានក្រុមហ៊ុន ម៉ៅការចាក់សម្រាមក្រុងស្វាយរៀង គេមកប្រមូលទិញ ដោយគេប្រាប់ថា គេទិញដីនេះយកទៅអភិវឌ្ឍន៍ គឺស្តារព្រែក ដើម្បីស្តុកទឹកឲ្យប្រជាពលរដ្ឋធ្វើស្រែនិងដាំដំណាំ ទើបប្រជាពលរដ្ឋលក់ឲ្យគឺបានតម្លៃ ថោកជាងទីផ្សារ។ចំណែកប្រជាពលរដ្ឋខ្លះនិយាយថា គាត់លក់ដីស្រែ ខាងមុខឯចំណីព្រែកគាត់មិនបានលក់ទេ ក៏ប៉ុន្តែពេលគេទិញបានហើយដីចំណីព្រែកខាងក្រោយក៏គេយក។
ទោសបីជាយ៉ាងណា សូមរង់ចាំមើលចំណាត់ការរបស់លោកអភិបាលក្រុងស្វាយរៀង ក្រោយពីក្រុមការងារមន្ត្រីសុរិយោដី ក្រុងចុះពិនិត្យ ហើយប្រាប់ឲ្យលោកគង់សុភីកាយយកអាចម៌ដីឡើងវិញរហូតដល់វេលារសៀលថ្ងៃទី១៨សីហានេះមិនទាន់ឃើញក្រុមហ៊ុនយកគ្រឿងចក្រមកកាយយកអាចម៌ដីឡើងវិញទេមានតែចាក់ថែម៕គ្រូឡាញ់