ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញនៃក្រសួងបរិស្ថាន បានសហការរួមគ្នា ចុះពិនិត្យទីតាំងដែលត្រូវបានរកឃើញ ផូស៊ីលដើមឈើដែលមានអាយុ
កាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយជាង ២០ម៉ែត្រ នៃប្រវែងប្រមាណជា ៣០ម៉ែត្រដើម្បីធ្វើការសិក្សា និងរៀបចំបង្កើតជាតំបន់ទេសចរណ៍ជនជាតិដើមភាគតិចព្រៅ ស្ថិតនៅក្នុងភូមិកាតូត ឃុំភុន ស្រុកសេសាន។
អភិបាលស្រុកសេសាន លោកសុវណ្ណ ពិសេដ្ឋ បានឱ្យដឹងថា ផូស៊ីលដើមឈើមួយដើមនេះ ត្រូវបានរកឃើញនៅដើមឆ្នាំ២០២៥ នៅពេលដែលក្រុមការងារស្រុក បានកាយដីនៅលើដងភ្នំ «នាងតែង និងភ្នំកាតូត» ដើម្បីធ្វើការសាងសង់ផ្លូវមួយខ្សែ ក្រោមគម្រោងថវិកាមូលនិធិឃុំ។ លោកថា «យើងកាយទៅប៉ះថ្ម ដែលវារឹងខ្លាំង និងកាយបន្តទៅ សង្ស័យថា ជាប្រភេទឈើគគីរ ក្រោយពីកាយបានប្រហែលជា៤ ទៅ៥ម៉ែត្រ ហើយក៏បានផ្អាកសិន»។ លោកថា ខណៈនោះអាជ្ញាធរស្រុក ក៏បានធ្វើការប្រកាសជាសាធារណៈពីការរកឃើញនេះ ហើយក្រសួងបរិស្ថានក៏បានចុះទៅសិក្សា និងសហការបន្តធ្វើកំណាយបន្ថែមទៀត។
លោក សុវណ្ណ ពិសេដ្ឋ បានបន្តថា មកដល់ថ្ងៃនេះ កាយបាន៧ ទៅ៨ម៉ែត្រទៀត តែនៅមិនទាន់ចប់ និងរកចុងវាមិនទាន់ឃើញ ជាគោលដៅយើងកាយឱ្យដឹងថា ប្រវែងប៉ុន្មានម៉ែត្រឱ្យច្បាស់លាស់ បោសសំអាតវា ហើយមានផែនការធ្វើរោង ប្រក់កុំឱ្យខូច សឹករិចរិល។ យើងនឹងរៀបចំភ្ញៀវទេចរណ៍ចូលមើល ឬអ្នកមកសិក្សាជាដើម»។
ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន លោកលឹម វណ្ណច័ន្ទ បានឲ្យដឹងថា មន្ត្រីជំនាញបានធ្វើការវាយតម្លៃថា ផូស៊ីលដើមឈើថ្មមួយដើមនេះ មានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ។ លោកថា អ្នកជំនាញ បានប៉ាន់ប្រមាណថា ដើមឈើថ្មនេះ អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬ វែងជាងនេះ ដើមឈើនេះ បានកប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។ ហើយទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ជនជាតិដើមព្រៅ នាពេលអនាគត។
គួរបញ្ជាក់ថា ការស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានរកឃើញថា ផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេ គឺនៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់, ស្រទាប់ដី ឬថ្ម ដែលបានរកឃើញផូស៊ីលឈើ នោះ ក៏មានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រក្នុងតំបន់នោះ ផងដែរ។ តាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះអាចស្ថិតនៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុងសម័យកាល Permian ដែលមានអាយុ ន្លោះពី២៥០ ទៅ៣០០លានឆ្នាំ ក្នុងស័ក Paleozoic។
អ្នកជំនាញបានបញ្ជាក់ថា នេះជាផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីលបានរកឃើញកន្លងមក នៅតាមតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា។ ផូស៊ីលឈើត្រូវបានរកឃើញចំនួន ១៤កន្លែងរួចមកហើយនៅកម្ពុជា ដូចជានៅក្នុងខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកោះកុង និងខេត្តបន្ទាយមានជ័យជាដើម៕





































