ខេត្តកំពត: ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា(២០២៤-២០២៥) និងធ្វើឡើងនៅថ្ងៃទី ២៨-២៩ ខែសីហាខាងមុខនេះ ហើយសិស្សានុសិស្សថ្នាក់ទី១២នៅខេត្តកំពតបានប្រាប់ថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ បើទោះជាពេលនេះ មានអារម្មណ៍ភ័យខ្លះ អរខ្លះក៏
ពិតមែន ប៉ុន្តែតាមរយៈលទ្ធផលនៃការប្រឹងប្រែងរៀនសូត្រកន្លងមក ពួកគេរំពឹងថានឹងប្រឡងជាប់និទ្ទេសល្អច្រើន។
សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន (កំពតក្រុង) បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែសីហាខាងមុននេះ។ ក្រុមសិស្សដែលជ្រើសរើសយកផ្នែកវិទ្យាសាស្ត្រទាំងនោះ បានគូសបញ្ជាក់ថា ពួកគេរំពឹងយ៉ាងមុតមាំថានឹងប្រឡងជាប់និទ្ទេសល្អ ខណៈដែលអំឡុងពេលឈប់សម្រាកនេះ ជាពេលរំលឹកមេរៀន និងធ្វើលំហាត់ចាស់ៗឡើងវិញ ដោយការកំណត់ពេលវេលាធ្វើ ឲ្យកាន់តែខ្លីរហ័សជាងមុន ហើយខំព្យាយាមថែសុខភាព ពង្រឹងស្មារតី ដើម្បីប្រមូលអារម្មណ៍ឲ្យល្អ និងមានសមាធិខ្ពស់ នៅថ្ងៃប្រឡងមកដល់។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត លោក សូ ភារិទ្ធ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២៩២៥នេះថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ ខាងមុខនេះ ខេត្តកំពតមាន ១០ មណ្ឌល ស្មើ ២១៥បន្ទប់ មានបេក្ខជនសរុប៥៣១៧នាក់ (ស្រី២៩៩៥នាក់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌល(វិទ្យាល័យកំពតក្រុង២មណ្ឌល និងអនុវិទ្យាល័យហ៊ុនសែនអង្គរជ័យ១មណ្ឌល) ស្នើ៥៥បន្ទប់ មានបេក្ខជនសរុប ១៣៤៤នាក់ (ស្រី៨៥៨នាក់)។ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៧មណ្ឌល (វិ.ព្រះរាជសម្ភារ វិ.ឌីប៉ុកសាមគ្កី វិ.ត្រសេកកោង អនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល វិ.ព្រះនរោត្តមរណឫទ្ធិ វិ.សម្តេចជាស៊ឹមអង្គរជ័យ និងសាលាបឋម អេងមាសតានី ) មាន១៦០បន្ទប់ បេក្ខជនសរុប ៣៩៧៣នាក់ ស្រី២១៣៧នាក់៕ សេង ណារិទ្ធ





































