កំពង់ចាម: ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទប់ទល់នឹងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋ
មន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារនៅតាមបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ទោឈឺន វណ្ណីមេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងនាមឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតទៅដល់ចំនួន ១០០គ្រឿង ដល់កងកម្លាំងជួរមុខ ដោយធ្វើឡើងនាព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។
លោកមេបញ្ជាការរងកងពលធំលេខ៣ បានបន្តថា ជាការពិតណាស់សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ ពេលទទួលម៉ូតូលោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកហ្នឹងដឹកយកម៉ូតូទាំងអស់ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំមិនពិបាកដូចពេលមុនទៀតទេ។ ក្នុងនាមមេបញ្ជាការសូមផ្ដេជ្ញាចិត្តការពារបូរណភាពទឹកដីទប់ទល់មិនឱ្យទ៏ពសៀមទន្ទ្រានយកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រជាដាច់ខាត ៕





































