កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងាររបស់គណបក្ស ចុះមូលដ្ឋានស្រុក បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារគ្រប់គ្រងពង្រឹង និងការងារកសាងពង្រីកសមាជិកបក្សថ្មី ស្របតាមសន្ទុស្សន៍ដែលបានកំណត់ ដោយមានការចូលរួមពីក្រុម
ការងាររបស់គណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំគណបក្សស្រុក ប្រធានគណបក្សឃុំ និងការីកុំព្យូទ័រថ្នាក់ស្រុក ឃុំ គ្រប់ឃុំ ចូលរួមផងដែរ ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក តាន់ ម៉េងឆិះ សមាជិកអចិន្ត្តៃយ៍គណបក្សស្រុក តំណាងឱ្យលោក ស៊ិន វណ្ណវុឌ្ឍ ប្រធានគណបក្សស្រុកសណ្ដាន់ បានឡើងធ្វើរបាយការណ៍ស្ដីអំពីសភាពការណ៍ទូទៅរបស់គណបក្ស, ការងារគ្រប់គ្រង និងការកសាងពង្រីកសមាជិកគណបក្សថ្មីតាមសន្ទស្សន៍ ដែលថ្នាក់លើបានកំណត់ ដោយបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ដេីម្បីពិភាក្សា នឹងត្រូវរួមគ្នាដោះស្រាយបន្ត ។
ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្ត និងបានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ សាខាបក្សភូមិ រួមជាមួយក្រុមការងារ ពីថ្នាក់ខេត្ត ស្រុក រហូតទៅដល់ថ្នាក់មូលដ្ឋាន ដែលបានខិតខំរួមគ្នាបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំរបស់គណបក្សគ្រប់លំដាប់ថ្នាក់ បានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យ នាពេលកន្លងទៅ។
ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ០០២ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះដ្ឋានខេត្តកំពង់ធំ ដោយបានគូសបញ្ជាក់នូវស្នាដៃនិងសមិទ្ធិផលធំៗមួយចំនួន ដែលក្រុមការងាររបស់គណបក្សគ្រប់ថ្នាក់ចុះមូលដ្ឋានខេត្ត ស្រុកឃុំ រួមជាមួយថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានសម្រេចបានក្នុងរយៈពេលកន្លងទៅ ដែលជាមោទនភាពនិងជាសមិទ្ធិផលរបស់ប្រជាជននៅខេត្តកំពង់ធំ។
ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ជូនអំពីផែនការរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ មានជាអាទិ៍ ៖ ទីមួយ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយ នូវរាល់ការលំបាកនានារបស់ប្រជាពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានពីពួកចោរសៀម នឹងត្រូវសម្របសម្រួលដោះស្រាយការលំបាក ព្រមទាំងសម្របសម្រួលរកការងារជូនប្រជាពលករ ដែលបានចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃវិញ ឱ្យមានការងារធ្វើគ្រប់ៗគ្នានិងមានចំណូលសមរម្យ ។ ទី ពីរ ត្រូវប្ដេជ្ញាចិត្តឲ្យបានដាច់ខាតក្នុងការកសាង និងពង្រីកសមាជិកបក្សឲ្យបាន ៧៥% យ៉ាងតិចនៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ និងទីបី ត្រូវសាមគ្គីឯកភាពគ្នាជាធ្លុងមួយគាំទ្រដល់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងលើកតម្កើងសេដ្ឋកិច្ចជាតិកម្ពុជា ដោយមិនត្រូវប្រើប្រាស់នូវរាល់ផលិតផលឬទំនិញដែលផលិតដោយសត្រូវឃ្លានពានកម្ពុជាជាដាច់ខាត។




































