អេស្កាវ៉ាទ័រមួយគ្រឿងកាយដីភ្នំជាយូថ្ងៃនិងច្រើនកន្លែងអាជ្ញាធរ និងរដ្ឋបាលព្រៃឈើឆ្លើយថាមិនដឹង

0

ដោយ អ៊ុក ផ្លុង
សៀមរាប÷ ដោយមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថាមានអេស្កាវ៉ាទ័រចំនួនមួយគ្រឿងបានធ្វើសកម្មភាពជីកកកាយដីភ្នំជាច្រើនថ្ងៃ និងច្រើនកន្លែង មិនដឹងថាមានច្បាប់អនុញ្ញាតឬក៏អត់ម្យ៉ាងវិញទៀតមិនដឹងយកដីភ្នំទៅធ្វើអ្វីឯណាដែរ? ទន្ទឹមនឹងនោះដែរ កាលពីថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានបានទៅដល់គោលដៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ឃើញថាពិតជាមានរណ្តៅដីលើភ្នំជាច្រើនកន្លែងដែលត្រូវបានជីកកាយដោយអេស្កាដូចអ្វីដែលប្រជាពលរដ្ឋបានផ្ដល់ដំណឹងពិតប្រាកដមែន ព្រមទាំងឃើញអេស្កាចំនួន១ គ្រឿងទុកបញ្ឈរចោលនៅលើភ្នំក្បែររណ្តៅដីដែលបានជីកកកាយកអាចម៍ចាស់ និងដីថ្មីៗផងដែរ។ ករណីនេះកើតឡើងនៅត្រង់ចំណុច ភ្នំខ្ទុំ ស្ថិតក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ពាក់ព័ន្ធករណីខាងលើនេះមេឃុំខ្វាវ លោក ធិន ភី បានបកស្រាយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាលោកដឹងថាគេយកគ្រួសទៅធ្វើផ្លូវ ប៉ុន្តែរឿងកាយដីភ្នំណា? យកទៅណា? លោកមិនបានទេដឹងទេ ព្រោះគ្មានពាក្យស្នើសុំជីដីភ្នំមកសាលាឃុំទេ។ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោក ភោគ វីរៈ ក៏បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទដែរ ថាថ្វីបើ ភ្នំខ្ទុំ ជាដែនសមត្ថកិច្ចរបស់លោកក៏ពិតមែនប៉ុន្តែលោកគ្មានពេលដេកចាំមើលបទល្មើសជិកកកាយដីភ្នំនោះឡើយ ពោលគឺលោកមិនបានដឹងព្រោះគ្មាននរណាបាន រាយការណ៍មកលោកទេ។ អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីម្ចាស់គ្រឿងចក្របានទេ ព្រោះយើងខ្ញុំមិនដឹងថាម្ចាស់អាជីវកម្មជានរណា? ហើយក៏គ្មានលេខទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនងផងដែរ។
ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមដល់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ មេត្តាណែនាំ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ទៀ គឹមសុទ្ធ ឲ្យណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនយកចិត្តទុកដាក់ការពារ និងអភិរក្សចំពោះធនធានធម្មជាតិ ព្រោះវាជាតួនាទីនិងកាតព្វកិច្ចរបស់ខ្លួន កុំយកពាក្យថាគ្មានពេលដេកចាំមើលបទល្មើសជីកកាយដីភ្នំ ពាក្យនេះលឺចេញទៅក្រៅខ្មាសគេជាងលេចពងកណ្ដាលផ្សារទៅទៀត។ ពួកគាត់បន្តថាដោយសារតែទស្សនៈ គ្មានទំនួលខុសត្រូវចំពោះ តួនាទីនិងភារកិច្ចខ្លួនដូច្នេះហើយទើបដីព្រៃដីភ្នំក្នុងឃុំខ្វាវ ស្រុកជីក្រែងជាសម្បត្តិរដ្ឋបានក្លាយជាកម្មសិទ្ធិរបស់ឯកជនស្ទើរតែទាំងអស់ទៅហើយ។ ជាក់ស្តែងភ្នំខ្ទុំ នេះតែម្ដង ខាងជើង ខាងលិច និង ខាងត្បូង បានក្លាយជាចំការដំឡូងមីរបស់ឯកជនអស់ហើយ រីឯខាងកើតអេស្កាវ៉ាទ័របានចាប់ ផ្ដើមធ្វើសកម្មភាពបណ្តើរៗ ទោះបីជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន យើងខ្ញុំ មិនបានដឹងពីមូលហេតុពិតប្រាកដថាអេស្កាជីកដីភ្នំខ្ទុំ យកទៅធ្វើអ្វី ហើយក៏មិនដឹងថាហេតុអ្វីបានជាបញ្ឈប់សកម្មភាព សូម្បីតែអាជ្ញាធរឃុំ និងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវក៏មិនដឹងដែរ។ អង្កភាពយើងខ្ញុំរងចាំការបកស្រាយពីម្ចាស់អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការពេលក្រោយ៕