កំពង់ធំ÷ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ និងអភិបាលរងស្រុកទាំង៣ ព្រមទាំងក្រុមការងារថ្នាក់ឃុំ បាននាំយកអំណោយមនុស្សធម៌របស់អង្គការ អេដ អេ អា ស្យុង (AEA) និងសាលាអាលីតអន្តរជាតិ ទៅប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារមាន÷ ស្រុកសន្ទុក ស្រុក
បារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាគ្រួសារវីរកងទ័ពនៅសមរភូមិមុខ គ្រួសារភៀសសឹក គ្រួសារពលករ និងចាស់ជរា នាថ្ងៃទី២២ ខែសីហាឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះលោកស្រី អ៉ឹម សុវីន អភិបាលរងស្រុកតាំងគោក បានកោតសរសើរ និងការដឹងគុណបងប្អូនគ្រួសារវីរកងទ័ពជួរមុខ ចំពោះវីរភាពយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលបានតស៊ូស្វិតស្វាញក្រាញននាល ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនយើង អំពីការរំលោភឈ្លានពានដ៏ឃោឃៅព្រៃផ្សៃរបស់ពួកទាហានសៀម មកលើទឹកដីកម្ពុជា។
លោក គៀង សេងគី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាព បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ តាមរយៈការជួយអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលជាសហប្រធានប្ដូរវេនរបស់អាស៊ាន ព្រមទាំងថ្លៃងអំណរគុណចំពោះសេនានុព័ន្ធយោធាបណ្ដាប្រទេសនានា ដែលបានអញ្ជើញមកត្រួតពិនិត្យការឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។
លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់គ្រួសារភៀសសឹក និងពលករដែលតែងតែធ្វើការនៅស្រុកក្រៅ សូមងាកមកធ្វើការនៅក្នុងមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការកម្លាំងពលកម្មជាច្រើនហើយពលករ កម្មករ នឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុក ជាជាងធ្វើការងារនៅប្រទេសថៃ ដែលវាតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង។
សូមបញ្ជាក់ផងដែរថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ធំ បានសហការជាមួយសាខាសមាគម បបានចែកស្បៀងជូនគ្រួសារភៀសសឹក គ្រួសារពលករ និងគ្រួសារកងទ័ពចំនួន១៥០គ្រួសារ ក្នុង១គ្រួសារទទួលបានរួមមាន÷ អង្ករ ត្រីខ និងទឹកត្រី ចចែកជូនចំនួន៣ស្រុកគឺស្រុកសន្ទុក៥០គ្រួសារ សស្រុកបារាយណ៍៥០គ្រួសារ និងស្រុកតាំងគោក៥០គ្រួសារ ដែលស្បៀងទាំងអស់បានពីការឧបត្ថម្ភគាំទ្រពីអង្គការ អេដ អេ អា ស្យុង (AEA) និងសាលាអាលីតអន្តរជាតិ។ អត្ថបទលោក ធូ កែវមុន្នី





































