សៀមរាប: ថ្លែងក្នុងឱកាសបើកវគ្គបំប៉ន ស្ដីពីការពង្រឹងសមត្ថភាពការងារព័ត៌មាន និងសាធារណមតិ ដល់មន្ត្រីនៃមន្ទីរព័ត៌មានមកពីខេត្តចំនួន ៤ គឺខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងសង្គមបច្ចុប្បន្ននេះ ការវិវត្តនៃវិស័យព័ត៌មានមានល្បឿនលឿន ដូច្នេះការពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មានជារឿងសំខាន់ ដើម្បីគ្រប់គ្រង និងឆ្លើយតបឱ្យទាន់សភាពការណ៍នៅក្នុងសមរភូមិសាធារណមតិ។
ឯកឧត្តមបណ្ឌិត ឆាយ សុផល បានលើកឡើងថា មន្ត្រីព័ត៌មានមានតួនាទីជាស្ពានចម្លងព័ត៌មានរវាងវិស័យសាធារណៈ និងប្រជាពលរដ្ឋ។ ប៉ុន្តែនៅក្នុងបរិបទបច្ចុប្បន្ននេះ ការរីកចម្រើននៃបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ប្រជាពលរដ្ឋក៏ងាយស្រួលក្នុងការបញ្ចេញមតិរបស់ពួកគាត់ នៅក្នុងការរិះគន់ ឬកោតសរសើរផ្សេងៗ។ ប្រជាពលរដ្ឋក៏ងាយនឹងទទួលបាននូវព័ត៌មានគ្រប់បែបយ៉ាង ទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងពិត និងទាំងក្លែងក្លាយ។
ទាំងអស់នេះ អ្នកព័ត៌មានត្រូវស្វែងរកវិធីសាស្ត្រក្នុងការសរសេរឲ្យបានល្អ ប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម។
លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មន្ទីរបានផ្ដោតយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី និងទំនើប ក្នុងគោលបំណងផ្ដល់នូវឱកាស និងលទ្ធភាពពេញលេញជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដើម្បីទទួលបានព័ត៌មានពិតតាមតម្រូវការ និងទាន់ហេតុការណ៍។ ក្នុងនោះមន្ទីរក៏បានអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ប្រែក្លាយមន្ទីរព័ត៌មានទៅជាសេនាធិការរបស់រដ្ឋបាលខេត្ត និងអង្គភាពទំនាក់ទំនងសាធារណៈនៅថ្នាក់ក្រោមជាតិ ប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម។
ក្នុងឱកាសនោះដែរ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើននៅលើបណ្ដាញសង្គមឌីជីថលរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើងគួរឲ្យកត់សម្គាល់ ដោយនៅក្នុងបណ្ដាញសង្គមទាំងនោះ មានការចែករំលែកនូវមតិយោបល់ សំណួរ-សំណូមពរ ព័ត៌មានពិត និងព័ត៌មានមិនពិតដែលធ្វើឲ្យមហាជនមានការពេញចិត្ត មិនពេញចិត្ត យល់ស្រប មិនយល់ស្រប យល់ច្រឡំ និងពិបាកក្នុងការបែងចែកខុស ឬត្រូវ អាចទុកចិត្តបាន ឬមិនអាចទុកចិត្តបាន ដែលនេះអាចជាឱកាសមួយសម្រាប់ក្រុមមានគំនិតមិនល្អមួយចំនួន បង្កើតនូវព័ត៌មានមិនពិត ក្នុងគោលបំណងបោកប្រាស់បង្កភាពវិកវរក្នុងសង្គម និងកេងចំណេញផ្នែកនយោបាយជាដើម។
លោកបន្តថា នាពេលថ្មីៗនេះ ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតជាខ្លឹមសារ រូបភាព វីដេអូ រហូតឈានទៅដល់ការបង្កើតព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម បានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមទៀតផង។ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារដើម្បីដោះស្រាយនូវរាល់សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រង ទប់ស្កាត់ និងបន្សាបនូវព័ត៌មានមិនពិតទាំងឡាយ ដែលនឹងកើតមានឡើងពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនឲ្យបានទាន់ពេលវេលា និងឆាប់រហ័សបំផុត។ ជាមួយគ្នានេះ ខេត្តក៏មានក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិចំនួន ៥ រូប ដោយទទួលស្គាល់តាមរយៈសេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន ហើយក្រុមនេះបាននិងកំពុងដំណើរការអនុវត្តការងារប្រចាំថ្ងៃ ព្រមទាំងបានរៀបចំជារបាយការណ៍ជូនមករដ្ឋបាលខេត្តជាប្រចាំផងដែរ៕




































