ពលរដ្ឋភៀសសឹក និងពលករ ៦៣២គ្រួសារ នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ទទួលបាន អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញនាំយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងបងប្អូនពលករចំនួន ៦៣២គ្រួសារ នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ក្រោមវត្តមាន​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រការដែល នាំឱ្យពុកម៉ែបងប្អូន ត្រូវភៀសខ្លួនរត់ចោលផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ នេះ គឺបង្កឡើង ដោយកងទ័ពឈ្លានពានសៀម ដែលតែងតែបង្កជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងនោះទាហាន សៀមបានបាញ់មកលើទាហ៊ានខ្មែរមុន ហើយបានប្រកាសបិទព្រំដែន ដោយឯកតោភាគី ប្រកាសគម្រាមបិទការផ្គត់ផ្គង់ចរន្តអគ្គិសនី និងផ្តាច់ប្រព័ន្ធអ៊ីនធើណែតជាដើម ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនជំនឿជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការស្វែងរកសន្តិភាព តាមរយៈការខិតខំប្រឹងប្រែងចរចា ដើម្បី បញ្ចៀសសង្គ្រាម បង្ហូរឈាម ដែលអាចឆ្លងផុតពីគ្រោះភ័យ ហើយបងប្អូនប្រជាពលរដ្ឋភៀសសឹកយើងនឹង អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ដោយសុវត្ថិភាព ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា អំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ភៀសសឹក និង​បងប្អូនពលករ នៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ៣៣២គ្រួសារ និងស្រុកចំការលើ ចំនួន ៣០០គ្រួសារ ដោយក្នុង១គ្រួសារទទួល បានរួមមាន៖-អង្ករ ១០គីឡូក្រាម-មី ១កេស-ទឹកសុទ្ធ ១កេស -ភេសជ្ជៈ ១កេស-ទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ-សៀង ១យួរ និងថវិកាមួយចំនួនផងដែរ ៕