ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម នួន ផារ័ត្ន ប្រារព្ធ​ពិធី​រក្ខទិវា​ និងដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ ៤៤ នៅឃុំបឹងល្វា

0

ខេត្តកំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ កំពង់ធំ​ បានដឹកនាំកងកម្លាំង​ យោធិនអមដំណើរឯកឧត្តម នួន ផារ័ត្ន  អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដាំស្ដារព្រៃឈើឡើងវិញ ដែលត្រូវរងការកាប់បំផ្លាញនាពេលកន្លងទៅ នៅតំបន់ ៤៤ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ និងដោយមានការចូលរួម ពីកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ និង​សិក្សា​នុសិស្ស​ ចូលរួមយ៉ាងច្រើនកុះករផងដែរ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា៖ កន្លងមកព្រៃឈើមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានរងការកាប់បំផ្លាញ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិពីសំណាក់ជនខិលខូចមួយចំនួន ដែលធ្វើឲ្យបាត់បង់ធនធានធម្មជាតិ ដែលពេលនេះយើងទាំងអស់គ្នាត្រូវរួមគ្នាដាំស្ដារ និងការពារព្រៃឈើឡើងវិញ និង​ត្រូវ​រួម​គ្នា​ថែរក្សា​ធនធានធម្មជាតិសម្រាប់សង្គមជាតិ​ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។ ជាមួយនោះដែរឯកឧត្តម នួន ផារ័ត្ន ក្នុង​នាម​ប្រធាន​គណៈកម្មការ​ ការ​ពារ​ ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មការ​ការ​ពារ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ ដែលបានដឹកនាំកងកម្លាំងចម្រុះ នៅតាមទីបញ្ជាការស្រាល ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេលនៃយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានចាប់ផ្ដើមពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ កងកម្លាំងចម្រុះនៃទីបញ្ជាការស្រាល ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅមានចំនួនជិត ៤ហិកតា ដែលបច្ចុប្បន្នផ្ទៃដីនេះត្រូវបានកម្លាំងទីបញ្ជាការស្រាល និងស្ថាប័នជំនាញ នៃស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើខេត្ត ធ្វើការគ្រប់គ្រង ហើយកន្លងមកកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកក្នុងការដាំស្ដារព្រៃឈើឡើងវិញបានចំនួនជាង ៥ម៉ឺនដើមរួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ ថ្ងៃនេះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកបន្តទៀតក្នុងការដាំស្ដារព្រៃឈើឡើងវិញ ចំនួន​ជាង​ ៣,០០០​ ដេីម​ នឹងបានប្ដេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចបន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ៕